សភាប្រជាជនចិន បានបោះឆ្នោតអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងកាលពីព្រឹកថ្ងៃទី30 មិថុនា ខណៈដែលសេចក្ដីលម្អិតរបស់ច្បាប់នេះ រហូតដល់ការទទួលទោសទណ្ឌរបស់អ្នកប្រព្រឹត្តខុសនឹងច្បាប់នេះ នៅតែជារឿងសម្ងាត់នៅឡើយ។
របាយការណ៍ព័ត៌មានបានឱ្យដឹងថា ច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងនេះ មានមាត្រាកំណត់ទោសទណ្ឌសម្រាប់បុគ្គលដែលមានទង្វើបំពានសន្តិសុខជាតិ បែងចែកប្រទេស ផ្ដួលរំលំអំណាចរដ្ឋ បង្កភេរវកម្ម និងរួមឃុបឃិតជាមួយបរទេស។
ក្រោយពីរដ្ឋសភាចិន មានមតិឯកច្ឆន្ទ 162សំឡេង អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងរួចមក លោក ចូសួ វ៉ង់ មេដឹកនាំសកម្មជនទាមទារប្រជាធិបតេយ្យហុងកុង ក៏បានប្រកាសលាឈប់ពីគណបក្ស ដេម៉ូស៊ីតូ ភ្លាមៗដែរ។
លោកចូសួ វ៉ង់ បានប្រកាសតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមលាឈប់ពីតំណែងអគ្គលេខាធិការបក្ស និងសមាជិកបក្ស ដេម៉ូស៊ីតូ ដែលលោកបានបង្កើតឡើង តែ នឹងនៅតែផ្សព្វផ្សាយឧត្ដមគតិរបស់ខ្លួនក្នុងនាមជាប្រជាជនតទៅទៀត។
ក្រៅពីលោក ចូសួ វ៉ង់ ហើយ នៅមានសកម្មជនផ្សេងៗទៀតរបស់គណបក្សដេម៉ូស៊ីតូ ដូចជា លោកណាថាន លួ សកម្មជនម្នាក់ទៀតដែលបានប្រកាសលាឈប់ពីបក្ស រួមទាំងមេដឹកនាំការប្រឆាំងតវ៉ានៅហុងកុងមួយចំនួន ក៏បានប្រកាសប្រាប់ពីការធ្វើដំណើរចាកចេញពីក្រុងហុងកុងជាបន្តបន្ទាប់ដែរ៕
ប្រភព៖ សាព័ត៌មានបរទេស