ថ្មីៗនេះប្រជាជនមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភចំពោះថ្ងៃកំណត់នៃការផ្ទេរកម្មសិទ្ធយានយន្ត (កាត់ឈ្មោះ) ដែលបានទិញតគ្នាហើយរកម្ចាស់ដើមមិនឃើញ ដែលកំណត់ថាត្រូវផុតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ2020នេះ។
ក្រោយពេលមានកិច្ចប្រជុំសម្របសម្រួលពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី 01ខែកក្កដា ឆ្នាំ2020នេះ ក្រសួង បានប្រកាសលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ការផ្ទេរសិទ្ធយានយន្តដែលរកម្ចាស់មិនឃើញនឹងត្រូវពន្យារពេល 03ខែទៀត រហូតដល់ចុងខែកញ្ញា ឆ្នាំ2020។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញលំហូរនីតិវិធីក្នុងការផ្តល់ សេវាផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្តរួមគ្នា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួង ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ។ គំនិតផ្តួចផ្តើមនេះត្រូវ បានធ្វើឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបានលឿនរហ័ស៕