ក្រោយពីវិបត្តិនៃការរីករាលដាលជំងឺ Covid-19 បានកើតឡើង ធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកបានដាំក្បាលចុះយ៉ាងខ្លាំង តែមួយរយៈពេលនេះ តម្លៃប្រេងហាក់ឡើងថ្លៃមកវិញបន្តិចម្តងៗ បន្ទាប់ពីការរីករាលដាលនៃជំងឺនេះបានកើតឡើងមួយរយៈមក។
សម្រាប់នៅកម្ពុជា ចាប់ពីថ្ងៃដើមខែ រហូតដល់ពាក់កណ្តាលខែកក្កដានេះក៏មានការឡើងថ្លៃទៅតាមទីផ្សារអន្តរជាតិដែរ។ បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផ្អែកតាមតម្លៃជាមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី 01 ដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2020 នឹងត្រូវលក់ក្នុងតម្លៃ 3,160រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA92 និង 2,899រៀលក្នុងមួយលីត្រសម្រាប់ម៉ាស៊ូត។
ដើម្បីសម្រួលដល់ជីវភាពប្រជាជនរដ្ឋាភិបាល និងក្រុមហ៊ុនប្រេងឥន្ធនៈបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន 4សេនដុល្លារក្នុងមួយលីត្រ ដែលធ្វើឱ្យតម្លៃលក់រាយក្នុងរយៈពេលនេះចុះមកនៅត្រឹម 3,000រៀលសម្រាប់សាំងធម្មតា និង 2,700រៀលសម្រាប់ម៉ាស៊ូត។
តម្លៃនេះមានការកើនឡើងប្រមាណ 150រៀលក្នុងមួយលីត្រចំពោះសាំងធម្មតា EA92 និងឡើងថ្លៃចំនួន 100រៀលក្នុងមួយលីត្រចំពោះប្រេងម៉ាស៊ូត បើប្រៀបធៀបនឹងរយៈពេល 15ថ្ងៃមុនគិតចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 30ខែមិថុនា ឆ្នាំ2020៕