ក្រោយជ្រកក្រោមទ្រនំផលិតកម្មទីក្រុងភាពយន្ត ឬ Town អស់រយៈពេលជាច្រើនឆ្នាំតារាចម្រៀងល្បីឈ្មោះ ខេម បានសម្រេចចិត្តស្ពាយបង្វិចចេញពីផលិតកម្មនេះហើយ មកកាន់ទ្រនំថ្មីបន្ទាប់ គឺជាផលិតកម្មរបស់លោកឧកញ៉ាវ័យក្មេង គឺផលិតកម្ម Galaxy Navatra។
ថ្មីៗនេះ ខាងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា បានបញ្ចេញបទចម្រៀងរបស់លោក ខេម ច្រៀងរួមគ្នាជាមួយតារាចម្រៀងស្រីតូចច្រលឹង តន់ ច័ន្ទសីម៉ា គឺបទមានចំណងជើងថា «សុំមួយពេលមក»។ ខេម គឺជាតារាចម្រៀងល្បី មានសមត្ថភាព អាចនឹងនៅតែរក្សាបានប្រជាប្រិយភាពជួរមុខដដែល ខណៈផលិតកម្មថ្មីមួយនេះក៏ប្រមូលផ្តុំដោយអ្នកនិពន្ធឆ្នើម និងអ្នកនិពន្ធបទភ្លេងល្បីៗជាច្រើនរូប ដែលអាចបន្តរុញច្រានឱ្យតារាចម្រៀងវ័យ35ឆ្នាំរូបនេះលេចមុខមាត់ជាថ្មីម្តងទៀត។
គួររំឭកអតីតកាលរបស់តារាចម្រៀងប្រុសរូបនេះដែរថា លោកបានចូលប្រឡូកក្នុងអាជីពសិល្បៈចាប់ពីអំឡុងឆ្នាំ2207 ដោយលោកចូលរួមក្នុងកម្មវិធីមួយរបស់ទូរទស្សន៍CTN ។ ក្រោយទទួលបានជ័យលាភី ជាតារាចម្រៀងឆ្នើមលោកក៏ចាប់ផ្តើមមានឱកាសចេញច្រៀង ដោយចាប់ផ្តើមមានអ្នកស្គាល់តាមរយៈការច្រៀងជាក្រុមមួយឈ្មោះថា Boy Band ។ ក្រោយចប់កុងត្រា1ឆ្នាំ នៅទូរទស្សន៍ CTN លោកបានចូលច្រៀងនៅផលិតកម្ម Time ប៉ុន្តែហាក់មិនទទួលបានការជោគជ័យ។ ក្រោយចប់កិច្ចសន្យាជាមួយផលិតកម្មនេះ ក្នុងឆ្នាំ2010 លោកបានចាប់ផ្តើមចូលច្រៀងក្នុងផលិតកម្មTown រហូតក្លាយជាតារាចម្រៀងលំដាប់ជួរមុខមួយនៅកម្ពុជាតែម្ដង៕