មួយរយៈពេលនេះ ដោយសារតែបញ្ហាការរីករាលដាល់នៃជំងឺ Covid-19 បានធ្វើឱ្យវិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ចាប់ពីខែឧសភាមក វិស័យដ៏មានសារៈសំខាន់នេះចាប់ផ្តើមងើបឡើងវិញគួរឱ្យគាត់សម្គាល់ដែលវាជាសញ្ញាណវិជ្ជមានមួយសម្រាប់អ្នករកស៊ី និងបុគ្គលិកក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោយវិស័យទេសចរណ៍កម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាវិបត្តិជំងឺ Covid-19 នៅខែឧសភានេះយើងសង្កេតឃើញមានសញ្ញាណវិជ្ជមានមួយចំនួនកើតឡើង។ ឯកឧត្តមថា ក្នុងរយៈពេល 3សប្តាហ៍ខែមិថុនានេះ មានភ្ញៀវទេសចរជាង 45ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ដែលវាមានកំណើនប្រមាណ 7.24% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងខែឧសភា។
ឯកឧត្តមសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នៃភ្ញៀវទេសចរអន្តរជាតិ ព្រោះពិភពលោកនៅតែមានវិធានការរឹតបណ្តឹងការធ្វើដំណើរ។ បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន ខណៈប្រទេសខ្លះបានសម្រេចឱ្យបើករួចទៅហើយ តែសម្រេចឱ្យបិទទៅវិញភ្លាមៗ ដោយសារតែមានការចម្លងថ្មីកើតឡើងវិញ៕