បច្ចុប្បន្ននេះ យើងឃើញមានមនុស្សល្បីល្បាញជាច្រើនក្នុងបណ្តាញសង្គមដែលកំពុងទទួលបានការចាប់អារម្មណ៍ផ្នែកទ្រព្យសម្បត្តិលើសលប់ មានរថយន្តទំនើបរាប់សិបម៉ឺនដុល្លារ និងចែកលុយចែកកាក់ច្រើនគ្រប់ទិសទីជាដើម។
គំរូនៃបុគ្គលមួយចំនួន បានជំរុញឱ្យអ្នកទស្សនាជាច្រើនច្រណែន និងចង់ក្លាយជាអ្នកមានបានឱ្យបានឆាប់រហូតលង់ខ្លួនហក់លោតចូលអាជីវកម្មអនឡាញ ក៏ដូចជាធ្វើគ្រប់បែបយ៉ាងដើម្បីភាពមានបាន និងដើម្បីក្លាយជាមនុស្សដែលមានទ្រព្យហូរហៀរ ខណៈអ្នកដែលយើងឃើញខ្លះមិនមែនជារូបភាពពិតនោះទេ។ អ្នកខ្លះបានឆ្លៀតឱកាសនេះបានប្រើប្រាស់រូបភាពសម្ភារៈនិយម ដើម្បីធ្វើជាធ្នាក់សម្រាប់ឃោសនាបោកប្រាស់ឱ្យមានប្រជាជនដែលចង់ក្លាយជាអ្នកមានឆាប់ ដាក់ទុនរកស៊ី រហូតដល់អ្នកខ្លះលង់ខ្លួនខាតបង់ទាំងទ្រព្យសម្បត្តិ និងកិត្តិយសក៏មាន។
លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា គេដឹងថាគ្រប់គ្នាសុទ្ធតែចង់មានចង់បានដោយភ្ជាប់លក្ខខណ្ឌមិនចង់ធ្វើការច្រើន។ ហេតុនេះការឃោសនាដែលគួរឱ្យទាក់ទាញបំផុត គឺវិធីសាស្រ្តក្លាយជាអ្នកមាន គ្រាន់តែគិតក៏មាន ចំណាយទុនតិចចំណេញច្រើនជាដើម។ លោកថា តាមពិតទៅបើស្រួលបែបនេះមែនគ្មានអ្នកក្រនោះទេ។ ហេតុនេះគួរតែប្រឈមជាមួយការពិតថា បើចង់មានបាន អ្វីដែលត្រូវលះបង់មុនគេគឺភាពខ្ជិល ហើយតាំងចិត្តថាមិនខ្លាចហត់៕