ឡារ៉ែនបានរួបរួមជំនឿផ្សេងៗក្នុងការចិញ្ចឹមមើលថែទាំកូនតូចមកជម្រាបជូនលោកឪពុកអ្នកម្តាយសម័យថ្មីឱ្យបានដឹង ជាវិធីការចិញ្ចឹមមើលថែទាំកូនដែលបន្តកេរ្ត៍ដំណែលគ្នាមកតាំងពីជំនាន់តាយាយដែលរឿងខ្លះនៅតែមានរហូតមកដល់បច្ចុប្បន្ន។ រឿងខ្លះក៏មានហេតុផលដែលវិទ្យាសាស្រ្តអាចអធិប្បាយបាន តែរឿងខ្លះក៏នៅត្រឹមតែជាជំនឿដែលជឿតៗគ្នាមកប៉ុណ្ណោះ។ សូមលោកឪពុកអ្នកម្តាយថ្មោងថ្មីសាកល្បងអានលមើល និងអាស្រ័យលើវិចារណញាណរបស់គ្រួសារនីមួយដែរ។
ចិញ្ចឹមកូនដោយទឹកដោះម្តាយ ក្រោយ 6 ខែហើយ ចាំបាច់ត្រូវតែបំបៅកូនដោយទឹកដោះផ្សេងទៀត
មិនពិតទេ! ព្រោះទឹកដោះម្តាយផ្តល់នូវគុណប្រយោជន៍គ្រប់យ៉ាងដល់ទារកដូចគ្នានឹងអ្វីដែលមាននៅក្នុងទឹកដោះផ្សេងទៀតដែរ និងមានច្រើនជាងទៀតផង។ ដរាបណាដែលទារកនៅតែបានទទួលការចិញ្ចឹមដោយទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះលាយផ្សំផ្សេងៗនោះមិនមែនជារបស់ចាំបាច់នោះទេ។
ស្នាមដៅ និងស្លាមស្នាមផ្សេងៗលើរាងកាយកូន
យើងនាំគ្នាជឿថា រឿងស្នាមដៅ ឬស្លាកស្នាមផ្សេងៗទាំងនោះ បុរាណប្រកាន់ថា ក្មេងដែលកើតមកនោះ ធ្លាប់កើតមួយជាតិរួចមកហើយ ហើយត្រូវបានលាបដោយកំបោរ ឬរបស់ដែលធ្វើឱ្យក្លាយជាស្លាកស្នាម ស្នាមដៅពណ៌ក្រហម ឬខ្មៅ ដើម្បីនៅពេលកើតជាតិថ្មី ឪពុកម្តាយសាច់ញាតិបងប្អូនកាលពីជាតិមុនអាចចំណាំបាន។
មិនពិតទេ! ជាប្រក្រតីទារកអាចនឹងកើតមានសន្លាកស្នាម ឬស្នាមដៅទាំងនោះបានតាមពូជកំណើត ហើយការកើតមានសន្លាកស្នាមនេះទោះជាពណ៌អ្វីក៏ដោយ គឺដោយសារតែកោសិកាស្បែកមានភាពខុសប្រក្រតីហ្នឹងឯង គឺជារឿងរបស់ស្បែករបស់ក្មេងម្នាក់ៗ។ ក្មេងខ្លះដល់ពេលធំឡើងសន្លាកស្នាមនោះនឹងរលុបបាត់ទៅវិញបន្តិចម្តង តែវាអាស្រ័យលើប្រភេទរបស់សន្លាកស្នាមដែរ បើប្រភេទខ្លះមានភាពខុសប្រក្រតីខ្លាំង គួរតែទៅជួបលោកគ្រូពេទ្យ។
ត្រូវពត់ជើងតាំងពីតូចដើម្បីកុំឱ្យជើងកោង
ការពិតទៅ លក្ខណៈជើងទារកកើតមកដំបូងៗ មើលទៅរាងកោងៗស្រាប់ហើយ លុះដល់វិវឌ្ឍនាការតាមវ័យរបស់កូនក្នុងអំឡុង 2 ឆ្នាំ ជើងដែលមើលទៅកោងៗនោះ ក៏នឹងត្រង់វិញដោយខ្លួនឯង ដោយមិនចាំបាច់ពត់ឡើយ។
យកកន្ទបដែលទទឹកទឹកនោមកៀរលើអណ្តាតកូនតូច ដើម្បីកុំឱ្យកើតជ្រាំង
ការពិតទៅ ទឹកនោម គឺជាវត្ថុកាកសំណល់របស់រាងកាយ ដែលបណ្តេញសារធាតុមួយចំនួនដែលរាងកាយលែងត្រូវការចេញមកក្រៅ ដូចជា យូរៀ ជាដើម ដែលមិនស័ក្តិសមក្នុងការយកមកកៀរលើអណ្តាតរបស់កូនឡើយ តែការជូតសម្អាតអណ្តាតរបស់កូនតូច គួរប្រើតែទឹកស្អាតធម្មតា ដោយយកក្រណាត់កន្ទបដែលស្អាត ឬក្រណាត់ដែលស្អាតជ្រលក់ទឹកស្អាតនោះ ឬទឹកក្តៅឧណ្ហៗមកជូតកៀរក៏ស្អាតបាត់ទៅហើយ។
ដាក់ឱ្យគេងផ្កាប់ ដើម្បីឱ្យក្បាលស្អាត និងគេងបានយូរ
ការពិតទៅ ការដាក់ទារកឱ្យគេងផ្កាប់នេះ តាមគោលការណ៍វិជ្ជាការមិនបានណែនាំឱ្យធ្វើឡើយ វាអាចធ្វើឱ្យក្បាលស្អាតក៏ពិតមែន តែគេតែងជួបប្រទះករណីក្មេងតូចដែលគេងផ្កាប់ហើយលែងដកដង្ហើម និងស្លាប់បាន បើចង់ឱ្យកូនគេងបានយូរ និងឱ្យមានក្បាលស្អាតផងនោះ គួរដាក់ឱ្យកូនគេងផ្អៀង ឬគេងផ្ងារដោយមានខ្នើយទន់ៗទ្រាប់ពីក្រោមជាការប្រសើរបំផុត។
បូតច្រមុះពេលងូតទឹកនឹងធ្វើឱ្យច្រមុះកូនស្រួចស្អាត
ការពិតទៅ ឆ្អឹងនៅត្រង់ច្រមុះរបស់យើងគឺជាឆ្ងឹងខ្ចី ដូច្នេះ ឆ្អឹងខ្ចីវានឹងរីកធំឡើងដោយខ្លួនឯង ការដែលយើងទៅច្របាច់ បូតនេះ មិនបានជួយឱ្យវាធំឡើងទេ តែអាចនឹងធ្វើឱ្យមើលទៅឃើញរាងទល់ឡើងបន្តិចបានមួយស្របក់ តែរួចហើយវាក៏នឹងស្រកចុះមកវិញតាមទម្រង់ដើមរបស់វាដដែល។
ទឹកដោះម្តាយព្យាបាលរោគភ្នែកក្រហម
ជឿថា ពេលកូនកើតភ្នែកក្រហម ឱ្យយកទឹកដោះម្តាយបន្តក់លើភ្នែកកូន នឹងអាចព្យាបាលឱ្យបាត់ទៅវិញបាន។ លោកគ្រូពេទ្យប្រាប់ថា ទឹកដោះមិនអាចសម្លាប់មេរោគ ឬព្យាបាលអាការភ្នែកក្រហមបានទេ និងណែនាំមិនឱ្យធ្វើបែបនោះជាដាច់ខាត។
ស្រ្តីមានគភ៌ហាមទៅចូលរួមបុណ្យសព
ការពិតទៅ ករណីនេះប្រហែលជាកើតចេញពីមនុស្សជំនាន់មុនៗដែលចង់បង្ហាញពីភាពហួងបារម្ភ មិនចង់ឱ្យស្រ្តីមានគភ៌ត្រូវចូលទៅក្នុងស្ថានភាពបរិយាកាសនៃក្តីសោកសង្រេង ព្រោះអាចធ្វើឱ្យផ្លូវចិត្តត្រូវស្លុតរន្ធត់ស្រងេះស្រងោច និងជាពិសេសបំផុតបើជាបុណ្យសពសាច់ញាតិបងប្អូនជាទីស្រឡាញ់ផងនោះ អាចនឹងធ្វើស្រ្តីមានគភ៌កើតអាការ “តានតឹង” ក្នុងអារម្មណ៍ ដែលនាំឱ្យប៉ះពាល់ទៅដល់ទារកដែលនៅក្នុងផ្ទៃបាន ដែលវាក៏ប្រហែលជាហេតុផលមួយដែលចាស់ៗបុរាណតែងតែប្រាប់ថា “ខ្លាចមានព្រលឹងវិញ្ញាណកំណាចពីវត្តតាមមក” ហ្នឹងឯង៕