ក្លិបបាល់ទាត់ Hanoi FC ដែលជាជើងឯកលីកកំពូលវៀតណាម 2រដូវកាលជាប់គ្នា2018 និង2019 បានប្រកាសថា ក្លិបបានបើកវគ្គបង្រៀនភាសាអង់គ្លេសដល់កីឡាករបាល់ទាត់របស់ខ្លួនហើយ។
ចំពោះមូលហេតុនៃការបើកវគ្គភាសាអង់គ្លេសដើម្បីបង្រៀនដល់កីឡាកររបស់ខ្លួនបែបនេះ គឺដោយសារតែកីឡាករសញ្ជាតិវៀតណាម ទាំងអស់នៅក្នុងលីកកំពូលវៀតណាមទាំងមូល មានកម្រិតភាសាអង់គ្លេសខ្សោយខ្លាំងមែនទែន ដែលវាធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមយ៉ាងខ្លាំង ដោយសារតែការមិនយល់គ្នារឿងភាសា រវាងកីឡាករ និងគ្រូបង្វឹក។
ជាក់ស្តែង ដូចជាកីឡាករម្នាក់របស់ក្លិប Hanoi FC មិនមានឱកាសលេងសូម្បីតែ 1ប្រកួត ក្រោយពេលផ្ទេរចេញទៅលេងនៅលីកហូឡង់ ពេញ 1រដូវកាល គឺដោយសារតែមិនអាចទំនាក់ទំនងជាមួយមិត្តរួមក្រុម ក៏ដូចជាគ្រូបង្វឹកបានពេលនៅទីនោះ៕