បច្ចុប្បន្ននេះ ប្រព័ន្ធអប់រំនៅកម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនដើម្បីផ្តល់ការអប់រំដល់សិស្សានុសិស្សគ្រប់ទីកន្លែងក្នុងប្រទេស ព្រោះបញ្ហាវិបត្តិជំងឺ Covid-19 បានបង្ខំឱ្យក្រសួងត្រូវតែបិទសាលាដើម្បីសុវត្តិភាពសិស្សានុសិស្សទាំងអស់គ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរៀន និងការបង្រៀនសម្រាប់យុគ្គសម័យបច្ចុប្បន្ននេះ តែដើម្បីឱ្យសិស្ស និងគ្រូជ្រួតជ្រាបច្បាស់ពីការអប់រំតាមរយៈបច្ចេកវិទ្យា ឬចេះប្រើបច្ចេកវិទ្យាទាំងអស់គ្នា គឺត្រូវប្រើរយៈពេល 10ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម័យ Covid នេះកម្ពុជាត្រូវបង្ខំទាំងអស់គ្នាឱ្យដើរលឿនជាងអ្វីដែលយើងធ្វើបាន 10ឆ្នាំ។
ជាបញ្ហាប្រឈមសម្រាប់ការបង្រៀនតាមរយៈអនឡាញនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថវិការបស់យើងនៅមានកម្រិតនៅឡើយក្នុងការជំរុញការអប់រំតាមអនឡាញនេះបើប្រៀបធៀបជាមួយនឹងប្រទេសអភិវឌ្ឍជឿនលឿន ព្រោះទន្ទឹមនឹងយើងត្រូវបង្កើនការផលិតមេរៀន និងត្រូវការចំណាយថវិកាលើផ្នែកជាច្រើនទៀត យើងក៏ត្រូវតែជួយសន្សំសំចៃដល់រដ្ឋាភិបាលដើម្បីយកថវិកាទប់ស្កាត់បញ្ហាផលប៉ះពាល់នៃជំងឺ Covid-19។ តែទោះជាបែបនេះក៏ដោយ ឯកឧត្តមបញ្ជាក់ថា ការអប់រំតាមអនឡាញរបស់យើងនៅមានសមត្ថភាព និងគុណភាពដូចគេដូចឯង ឬអាចល្អជាប្រទេសមួយចំនួនផង។ បន្ថែមពីលើនេះ គឺអ្វីដែលគួរឱ្យកត់សម្គាល់គឺយើងមានទូរទស្សន៍ឌីជីថល ទទក2 ដែលកន្លងមកមិនមានប្រទេសច្រើនទេដែលអាចធ្វើបាន៕