ការផ្សព្វផ្សាយព័ត៌មានចាស់ៗ ក៏អាចនាំឱ្យមានភាពច្របូកច្របល់ដល់សង្គមបានដែរ ព្រោះខ្លឹមសារដែលមាននៅក្នុងអត្ថបទចាស់ៗទាំងនោះ វាអាចមិនពិតសម្រាប់ស្ថានភាពបច្ចុប្បន្ន។
ដោយមើលឃើញពីគុណវិបត្តិនេះហើយ ទើបក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងាររំឭកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ព័ត៌មានដែលពួកគេចង់ចែកចាយនោះ គឺជាព័ត៌មានចាស់។ មុខងារនេះនឹងបង្ហាញជាសារប្រាប់ដល់អ្នកប្រើប្រាស់ភ្លាមៗ ប្រសិនបើព័ត៌មាននោះ ជាព័ត៌មានចាស់ជាង 3ខែមកហើយ តែទោះយ៉ាងនេះក្តី ក៏លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះមុខងារនេះគ្រាន់តែអាចប្រាប់លោកអ្នកអំពីព័ត៌មាននោះត្រឹមតែរយៈពេល 3ខែកន្លងទៅប៉ុណ្ណោះ មិនមែនជារយៈពេលដែលព័ត៌មាននោះត្រូវបានផ្សព្វផ្សាយកាលពីដំបូងទេ។ ដោយឡែកក្រុមហ៊ុនបណ្តាញសង្គម Twitter ក៏មិនខុសពីហ្វេសប៊ុកដែរ គឺបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយផងដែរ ដូចជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើការសាកល្បងជាមួយមុខងារថ្មីមួយ ដែលបានបញ្ជាក់អ្នកប្រើប្រាស់ ឱ្យអានអត្ថបទជាមុនសិន មុននឹងចែកចាយបន្ត។
ការបង្ហោះ ឬចែកចាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលកើតឡើងយូរហើយ គឺជាបញ្ហាដ៏ធំមួយ ដែលប្រទេសជាច្រើនកំពុងប្រឈម ដូចជាការផ្សព្វផ្សាយដែលថាជំងឺកូវីដ-19 កើតឡើងដោយសារប្រព័ន្ធ 5G ជាដើមនោះ បានបង្កឱ្យមានភាពចលាចលដល់សង្គម ដែលនាំឱ្យមានការវាយកម្ទេចបង្គោលអង់តែនជាច្រើនកន្លែងនៅអឺរ៉ុប៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា