បន្ទប់គេងរបស់មហាសេដ្ឋីវៀតណាម ដែលជាប្រធានក្រុមហ៊ុន Hoang Anh-Gia Lai នៅខេត្តរតនគិរី មិនមានបន្ទប់ទឹកនៅខាងក្នុងនោះទេ ប៉ុន្តែវាជាបន្ទប់ដែលមានសុវត្ថិភាពជាងគេបង្អស់ក្នុងតំបន់ចំការចេកដ៏មហាសែនធំរបស់ក្រុមហ៊ុននេះ។
ជាន់ទី3 នៅខាងក្រោយទ្វារឈើដែលបើកចំហគ្រប់ពេល នោះគឺជាបន្ទប់របស់លោក Doan Nguyen Duc (Đoàn Nguyên Đức) ប្រធានក្រុមហ៊ុន Hoang Anh-Gia Lai ដែលធ្លាប់ជាអ្នកមានជាងគេបង្អស់នៅប្រទេសវៀតណាម (គិតតាមតម្លៃមូលបត្រនៅលើផ្សារហ៊ុនកាលណោះ)។ បន្ទប់នេះមានទំហំប្រហែល15ម៉ែត្រក្រឡា និងមានទីតាំងនៅក្បែរក្បាលជណ្ដើរនៃជាន់ទី3 ក្នុងអគារចាត់ការរបស់ក្រុមហ៊ុន។
អ្នកធ្វើការនៅទីនោះបានបង្ហើបឱ្យដឹងថា បន្ទប់ស្នាក់នៅរបស់មហាសេដ្ឋីវៀតណាមរូបនេះ ហាក់ដូចជាបន្ទប់នៃផ្ទះសំណាក់មួយដូច្នោះដែរ។
នៅក្នុងបន្ទប់នេះ មានតុសម្រាប់ធ្វើការមួយ ហើយនៅលើតុនេះក៏មានទូរទស្សន៍មួយគ្រឿង ប៊ិច និងក្រដាស ហើយនៅក្បែរតុធ្វើការ មានទូទឹកកកខ្នាតតូចមួយគ្រឿង។ នៅក្បែរគ្រែ មានដែកព្យួរខោអាវមួយ ចំណែកទូដែកដែលមានច្រើនថតត្រូវបានដាក់នៅជ្រុងមួយផ្សេងទៀតក្នុងបន្ទប់នេះ។
អ្វីដែលធំជាងគេនៅក្នុងបន្ទប់របស់ថៅកែវៀតណាមរូបនេះ នោះគឺគ្រែដែលមានដំបូងនិងមុងចងទុកជាស្រេច ខណៈដែលកម្រាលពូក ផួយ ខ្នើយ សុទ្ធតែមានក្លិនសាមញ្ញ និងមិនដូចទៅនឹងរបស់សម្រាប់មហាសេដ្ឋី។ តាមរយៈទិដ្ឋភាព សម្ភារៈប្រើប្រាស់ក្នុងបន្ទប់នេះ គេអាចដឹងបានថា ម្ចាស់របស់វាពិតជាមនុស្សប្រភេទសាមញ្ញនិយម។
បើនិយាយអំពីចំការចេកនៅជុំវិញនោះ គឺថា វាមានទំហំធំធេងខ្លាំងណាស់ អ្នកមិនអាចដើរដោយថ្មើរជើងដើម្បីរុករកត្រួសៗសព្វចំការនេះក្នុងរយៈពេលខ្លីនោះឡើយ។ ចំការចេកនៅទីនេះ មានទំហំផ្ទៃក្រឡារហូតដល់ជាង 8,000ហិចតា។
នៅពេលអ្នកជិះរថយន្តតាមបែបកម្សាន្តទៅតាមដងផ្លូវក្នុងចំការនេះ អ្នកនឹងត្រូវចំណាយពេលស្ទើរពេញមួយថ្ងៃដើម្បីធ្វើដំណើរបាន175គីឡូម៉ែត្រ ក៏ប៉ុន្តែនេះគ្រាន់តែជាចម្ងាយផ្លូវមួយខ្លីដែលស្មើនឹង35%នៃចម្ងាយសរុបរបស់ផ្លូវនៅទីនេះប៉ុណ្ណោះ ព្រោះថា ផ្លូវថ្នល់សរុបនៅក្នុងចំការចេករបស់មហាសេដ្ឋីវៀតណាមនេះ មានប្រវែងដល់ទៅ500គីឡូម៉ែត្រ ដែលនេះឆ្ងាយជាងប្រវែងផ្លូវ 438គីឡូមែត្រពីទីក្រុងបារិតនៃខេត្តស្វាយរៀងទៅកាន់ទីក្រុងសៀមរាបទៅទៀត (ចម្ងាយផ្លូវត្រង់ពីបាវិតទៅសៀមរាបគឺត្រឹមតែ356គីឡូម៉ែត្រប៉ុណ្ណោះ)។
“ដើមឡើយ ចំការរបស់អ្នកវិនិយោគវៀតណាមនៅក្នុងខេត្តរតនគីរីនេះ មានបុគ្គលិកត្រឹមតែជាង1,000នាក់ប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ន ចំការនេះមានបុគ្គលិកច្រើនជាងមុនឆ្ងាយណាស់” នេះបើតាមប្រភពព័ត៌មានពីបុគ្គលិកប្រចាំនៅចំការចេកនៅក្នុងខេត្តរតនគិរិរបស់មហាសេដ្ឋីវៀតណាម Doan Nguyen Duc។ អ្នកធ្វើការនៅក្នុងចំការចេកឱ្យដឹងថា ជារៀងរាល់ថ្ងៃ មានភ្ញៀវចេញចូលចំការនេះជាហូរហែ។ ទាំងកុងតឺន័រដឹកទំនិញ ទាំងក្រុមអតិថិជនបរទេស រួមនឹងក្រុមអ្នកជំនាញផ្សេងៗ ក៏ចេញចូលទីនេះស្ទើររាល់ថ្ងៃ។
Truong Thi Tien ដែលជាអ្នកបម្រើកិច្ចការក្នុងផ្ទះរបស់ប្រធានក្រុមហ៊ុន Hoang Anh-Gia Lai ប្រចាំនៅចំការចេកក្នុងខេត្តរតនគិរី បានបង្ហើបឱ្យដឹងទៀតថា “ក្រុមមន្ត្រីជនជាតិវៀតណាមក៏មកកាន់ទីនេះកាន់តែច្រើនឡើងៗ។ ខ្ញុំមានមិត្តមួយចំនួន ដូច្នេះឱ្យតែយប់ឡើងគឺយើងនាំគ្នាចេញទៅអង្គុយជជែកគ្នាលេងនៅខាងក្រៅ។ ភ្លើងបំភ្លឺផ្លូវ មានជុំទិស មិនខ្លាចដូចប៉ុន្មានឆ្នាំមុនទៀតទេ”។ ស្ត្រីរូបនេះនិយាយបន្ថែមថា “សូម្បីតែនៅទីរួមខេត្តក៏មិនសប្បាយស្មើនឹងទីនេះដែរ”៕