បច្ចុប្បន្ននេះ ចំនួនប្លាស្ទីកបានកើនឡើងយ៉ាងខ្លាំងក្នុងពិភពលោក ដែលវាបានធ្វើឱ្យខូចខាតដល់គុណភាពដី ជីវៈចម្រុះក្នុងបាទសមុទ្រ និងជីវិតសត្វផ្សេងៗទៀតលើពិភពលោក។
បន្ថែមពីលើនេះ ប្លាស្ទីកក៏ជះឥទ្ធិពលដោយផ្ទាល់យ៉ាងច្រើនផងដែរសម្រាប់ជីវិតមនុស្ស ព្រោះវាបានបង្ករឱ្យមនុស្សកើតជំងឺមហារីក មានបញ្ហាឡើងកម្តៅផែនដី និងបញ្ហាជាច្រើនផ្សេងទៀតដែលនាំឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ។ តែទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា សកម្មភាពមនុស្សនៅលើពិភពលោកហាក់នៅតែបណ្តែតបណ្តោយឱ្យចំនួនប្លាស្ទីកកើនឡើយឥតឈប់ឈរ ដែលវាជាចរន្តអវិជ្ជមានមួយឆ្ពោះទៅរកភាពអន្តរាយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីបង្កើតឧបករណ៍ជំនួសឱ្យប្លាស្ទីក ដោយថ្មីៗនេះគេរកឃើញប្លាស្ទីកធ្វើពីឬសដំឡូងមី ដែលអាចឱ្យមនុស្សប្រើប្រាស់បានយ៉ាងងាយស្រួល។ វាត្រូវបានគេរំពឹងទុកថា អាចក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលដោយសារប្លាស្ទីកលើពិភពលោក ព្រោះវាជាសារធាតុឆាប់រលាយ និងមិនមានផលប៉ះពាល់ចំពោះគុណភាពដី។ ប្លាស្ទីកប្រភេទនេះមិនចាំបាច់ត្រូវចំណាយពេលវេលារាប់រយឆ្នាំដើម្បីរលាយដូចប្លាស្ទីកដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ននោះទេ ហើយវាត្រូវបានគេមើលឃើញថានឹងអាចដោះស្រាយបញ្ហាគំនរសំរាមដែលគរច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃបានដែរ។
ថ្វីត្បិតតែប្លាស្ទីកធ្វើពីដំឡូង មិនអាចជំនួសប្លាស្ទីកពិតប្រាកដទាំងស្រុង តែវានឹងក្លាយជាផ្នែកមិនអាចខ្វះបាននៅថ្ងៃអនាគតដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងនៅគ្រប់ទីកន្លែងលើពិភពលោក៕