ក្លិប Leicester City កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា Kelechi Iheanacho ពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា គឺ Manchester City។
Iheanacho វ័យ20ឆ្នាំ បានចុះហត្ថលេខារយៈពេល5ឆ្នាំនៅឯកីឡដ្ឋាន King Power ខណៈដែលតម្លៃខ្លួននៃការផ្ទេរនេះមិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏បណ្តាញសារព័ត៌មាន BBC បានចេញផ្សាយថា តម្លៃខ្លួននៃការផ្ទេរនេះមានចំនួន25លានផោន (ស្មើនឹង33លានដុល្លារអាមេរិក)។ លោក Craig Shakespeare អ្នកចាត់ការទូទៅរបស់ក្រុម Leicester បានឲ្យដឹងថា៖ «វាជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់យើង។
Kelechi គឺជាកីឡាករប្រកបដោយទេពកោសល្យម្នាក់ដែលបានបង្ហាញពីទម្រង់ការលេងដ៏គួរឲ្យរំភើបក្នុងរាល់កម្រិតទាំងអស់ដែលរូបគេបានលេង»។ Iheanacho នឹងក្លាយជាកីឡាករចំណូលថ្មីទី4 របស់ក្លិប Leicester អំឡុងពេលរដូវកាលក្តៅនេះ ក្រោយពីការនាំយកខ្សែបម្រើ Vicente Iborra ពីក្លិប Sevilla អ្នកចាំទី Eldin Jakupovic និងខ្សែការពារ Harry Maguire ពីក្លិប Hull City។ Iheanacho នឹងពាក់អាវលេខ8 ហើយនិងចូលរួមជាមួយនឹងមិត្តរួមជាតិនីហ្សេរីយ៉ាដូចគ្នា Wilfred Ndidi និង Ahmed Musa ជាមួយនឹងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ឆ្នាំ2016មួយនេះ។
Iheanacho បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចូលរួមក្នុងក្រុមនេះ។ ខ្ញុំដឹងពីមហិច្ឆតារបស់ក្រុមនេះ ហើយក្រោយពីការពិភាក្សាជាមួយនឹងអ្នកចាត់ការទូទៅ គាត់បានអនុញ្ញាតឲ្យខ្ញុំបានដឹងពីអ្វីដែលខ្ញុំត្រូវធ្វើ ដើម្បីជួយក្រុមនេះឲ្យសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ ខ្ញុំពិតជាជឿជាក់ ហើយខ្ញុំរីករាយណាស់ក្នុងការបានមកនៅទីនេះ»៕
ប្រភពពី៖ Sport24