ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនប្រជាជនលើពិភពលោកចេះតែកើនឡើងឥតឈប់ឈរ ដែលបញ្ហានេះ បានធ្វើឱ្យមានការកើនឡើងផងដែរនូវតម្រូវការម្ហូបអាហារ។ សាច់ត្រូវបានគេមើលឃើញថាកាន់តែមានភាពចាំបាច់ក្នុងការផ្គត់ផ្គង់ទៅកាន់មនុស្ស តែប្រសិនបើមនុស្សចេះតែកើនឡើងខ្លាំង នោះតំបន់មួយចំនួននឹងអាចប្រឈមជាមួយភាពអត់ឃ្លាន ព្រោះយើងផលិតមិនទាន់តម្រូវការ។
ដើម្បីដោះស្រាយបញ្ហានេះវេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវបង្កើតមជ្ឈមណ្ឌលបង្កើតសាច់គោ (Lab-printed steaks) ដោយវាមានសមត្ថភាពផលិតសាច់គោបានក្នុងរយៈពេលតែ 3សប្តាហ៍តែប៉ុណ្ណោះ។ វាត្រូវបានគេរំពឹងទុកថានឹងក្លាយជាអាហារសម្រាប់ថ្ងៃអនាគត ព្រោះជាប្រភេទសាច់ដែលមានរសជាតិឆ្ងាញ់ សុវត្ថិភាព និងមានវីតាមីនគ្រប់គ្រាន់សម្រាប់មនុស្ស។
អ្នកវិទ្យាសាស្ត្របានយកកោសិកា (cells) ពីសត្វគោរស់ដែលមានសុខភាពល្អមកបណ្តុះជាមួយនឹងជាលិកាដែលហ៊ុមព័ទ្ធដោយឧបករណ៍ 3D បិទជិតដើម្បីបង្កើតជាសាច់សិប្បនិម្មិតឡើង។ ដំណើរនៃការផលិតសាច់គោរបៀបនេះ ត្រូវបានគេមើលឃើញថាមានភាពឆាប់រហ័ស និងកាត់បន្ថយភាពខ្ជះខ្ជាយបានយ៉ាងច្រើន។ វាត្រូវបានគេជឿថាអាចផលិតសាច់បានលើសពីតម្រូវការរបស់មនុស្សនៅថ្ងៃអនាគត ព្រោះការធ្វើរបៀបនេះត្រូវចំណាយពេលត្រឹមតែ3សប្តាហ៍ប៉ុណ្ណោះដើម្បីទទួលបានសាច់សម្រាប់ទទួលទាន បើប្រៀបធៀបជាមួយនឹងការចិញ្ចឹមគោយកសាច់ដែលត្រូវចំណាយពេលវេលារហូតដល់ទៅ 18ខែឯណោះ។
វិធីសាស្ត្រផលិតសាច់បែបវិទ្យាសាស្ត្រនេះមិនចាំបាច់ត្រូវការដី និងមិនត្រូវការទឹកច្រើនដូចការចិញ្ចឹមសត្វគោយកសាច់នោះទេ។ ហើយចំពោះសាច់នោះទៀតសោតអ្នកវិទ្យាសាស្ត្រអាចបន្ថែមវីតាមីនបានថែមទៀតផងដើម្បីជួយដល់សុខភាពមនុស្ស៕