ឧបករណ៍ចាប់យកសញ្ញាអ៊ីនធើណិតពីផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX មានរូបរាងប្រហាក់ប្រហែលនឹងថាសហោះ ដែលវាដូចទៅនឹងអ្វីដែលលោក Elon Musk ធ្លាប់បានលើកឡើងកាលពី5ឆ្នាំមុន។
អ្នកប្រើប្រាស់ Reddit (គេហទំព័រប្រមូលព័ត៌មានសង្គម…នៅអាមេរិក) ថតបានរូបភាពជាច្រើនសន្លឹកបង្ហាញអំពីឧបករណ៍ពិសេសដែលមានរូបរាងស្រដៀងទៅនឹងថាសហោះ UFO នៅក្នុងតំបន់សាកល្បងឧបករណ៍អវកាសរបស់ក្រុមហ៊ុន SpaceX ដែលស្ថិតនៅក្នុងភូមិ Merrillan ក្នុងតំបន់ Jackson នៃរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក។
បើទោះជាភាគីខាង SpaceX បានបដិសេធក្នុងការបញ្ជាក់ ឬបញ្ចេញមតិអំពីបណ្ដារូបភាពទាំងនេះ ប៉ុន្តែ សារព័ត៌មាន Business Insider យល់ថា នេះគឺជាឧបករណ៍ដែលធ្លាប់ត្រូវបានលោក Musk លើកឡើងកាលពីច្រើនឆ្នាំមុន។ ឧបករណ៍ទាំងនេះមានរូបរាងតូចល្មម និងហាក់មានភាពរឹងមាំល្អ និងមានកម្ពស់ប្រហែល1.5ម៉ែត្រ ដោយផ្នែកខាងលើមានបំពាក់ថាសសម្រាប់ចាប់រលកសញ្ញាអ៊ីនធើណិត ស្រដៀងទៅនឹងចានទូរទស្សន៍ផ្កាយរណប។
កាលពីឆ្នាំ2015 លោក Musk ធ្លាប់បាននិយាយអំពីឧបករណ៍ដែលជួយឱ្យអតិថិជនអាចប្រើប្រាស់សេវាកម្មអ៊ីនធើណិតពីផ្កាយរណបរបស់លោក៖ “វាមានរូបរាងដូចទៅនឹងថាសហោះ UFO ស្ដើង ស្មើ នឹងត្រូវបានភ្ជាប់ទៅនឹងផ្នែកខាងលើនៃដែកមួយកំណាត់។ វាមានប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តដែលមានតួនាទីបង្វែងថាសទៅរកទិសដែលមានរលកសញ្ញាអ៊ីនធើណិតច្រើនដែលបាញ់ចេញពីផ្កាយរណប Starlink របស់ SpaceX”។ ក៏ប៉ុន្តែ 5ឆ្នាំកន្លងមកហើយបន្ទាប់ពីលោក Musk បាននិយាយដូចខាងលើ គេមិនទាន់បានឃើញរូបរាងជាផ្លូវការណាមួយបញ្ជាក់អំពីឧបករណ៍ចាប់សញ្ញាអ៊ីនធើណិតនេះនៅឡើយ។
បណ្ដារូបភាពជាក់ស្ដែងដែលទើបបែកធ្លាយនាពេលថ្មីៗនេះ ទទួលបានប្រតិកម្មវិជ្ជមានពីសង្គមបច្ចេកវិទ្យា។ អត្ថបទចែករំលែករូបភាពដំបូងៗនៅលើគេហទំព័រ Reddit បាននាំឱ្យមានការបញ្ចេញមតិប្រមាណជា100លើក ព្រមទាំងទទួលបានការវាយតម្លៃល្អ99%។ មនុស្សជាច្រើនយល់ឃើញថា វត្តមាននៃរូបភាពខាងលើនេះបានបង្ហាញថា គម្រោងផ្គត់ផ្គង់អ៊ីនធើណិតពីផ្កាយរណប់របស់មហាសេដ្ឋី Elon Musk នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ។
សូមរំឭកថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គេហទំព័ររបស់ Starlink ក៏បានចាប់ផ្ដើមអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចុះឈ្មោះទទួលព័ត៌មានថ្មីស្ដីអំពីគម្រោងនិងការប្រើប្រាស់សាកល្បងសេវាកម្មអ៊ីនធើណិតពីផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ផងដែរ៕
ប្រភព៖ Bussiness Insider