ភ្នំពេញ៖ ដើម្បីផ្លាស់ប្តូរពីកសិកម្មតាមបែបបុរាណ មកជាកសិកម្មតាមបែបទំនើបដែលទាញទិន្នផលបានខ្ពស់ដូចបណ្តាប្រទេសជឿនលឿននោះ ថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី3 ខែសីហាម្សិលមិញនេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើប” រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជាមួយក្រុមហ៊ុនសោម៉ាគ្រុបខូអិលធីឌី រួមជាមួយតំណាងក្រុមហ៊ុនសាន់រ៉ាយ (SUNRISE) មកពីអូស្រ្តាលី។
អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើបស្របតាមអនុក្រឹត្យលេខ36 អនក្រ.បក ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងសារាចរណែនាំលេខ169 ស្តីពីគោលការណ៍ណែនាំក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ «គម្រោងនេះសង្កត់ធ្ងន់ទៅលើដំណាំស្រូវ ដំណាំវិលជុំ ការប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្ថានភាពដី ការស្វែងរកទីផ្សារ ការកៀងគរជំនួយថវិកាដើម្បីជួយដល់ប្រជាកសិករ។ល។» នេះបើតាមប្រសាសន៍បញ្ជាក់ពីឯកឧត្តម សុខ ពុទ្ធិវុធ។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មដែលអញ្ជើញជាអធិបតីក្នុងពិធីនេះបានថ្លែងកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងការនេះ ព្រោះជាឱកាសដ៏ល្អដែលក្រុមហ៊ុនបោះទុនវិនិយោគចំពេលដែលវិស័យកសិកម្មបាន និងកំពុងត្រូវការបច្ចេកវិទ្យាដើម្បីពង្រីកសក្តានុពលលើគ្រប់អនុវិស័យឈានទៅសម្រេចឱ្យខាងតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយប្រទេសមួយនេះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ2030។
ម្យ៉ាងវិញទៀត សមិទ្ធផលនេះគឺជាជោគជ័យមួយរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះនាពេលអនាគតក្រុមហ៊ុនអាចផលិតផលិតផលកសិកម្មដែលមានគុណភាព សុវត្ថិភាព និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជី និងថ្នាំកសិកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផលទាមទារនូវធនធានមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតធ្វើយ៉ាងណាឱ្យបានសមស្របទៅតាមស្ថានភាពដី គុណភាពដីស្រែ លទ្ធភាព និងសមត្ថភាពរបស់ប្រជាកសិករក្នុងរបត់ថ្មីនៃការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមទម្លាប់បុរាណមកជាការធ្វើកសិកម្មបែបទំនើបវិញ «យើងសង្ឃឹមថា តាមរយៈនៃការធ្វើទំនើបកម្មនេះប្រាកដជាទទួលបានទិន្នផលខ្ពស់ឈានទៅធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងធ្វើការនាំចេញស្របតាមទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក»៕