ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 នេះគ្រប់វិស័យទាំងអស់សុទ្ធតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសវិស័យឯកជន ដោយក្នុងនោះរួមទាំងវិស័យអប់រំឯកជនផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ Covid-19 សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យធនាគារជាតិនៃកម្ពុជាគួរពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាឯកជន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សាឯកជនបានដាក់ទ្រព្យបញ្ចាំរបស់ខ្លួនជាច្រើនទៅធនាគារហើយ ហេតុនេះពួកគាត់គ្មានទ្រព្យឯណាទៅបញ្ចាំបន្ថែមដើម្បីយកប្រាក់មកដោះស្រាយផលប៉ះពាល់នោះទេ ហេតុនេះធនាគារគួរពង្រីកទំហំនៃកម្ចីលើទ្រព្យបញ្ចាំដែលគ្រឹះស្ថានសិក្សាឯកជនបានដាក់តម្កល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។ សម្តេចបានសង្កត់ធ្ងន់ផងដែរថា យើងត្រូវតែពិនិត្យមើល ធ្វើយ៉ាងណាកុំឱ្យមានគ្រឹះស្ថានសិក្សាឯកជនណាមួយដួលរលំឱ្យសោះ ហេតុនេះហើយទើបត្រូវឱ្យមានការរៀបចំឥណទានឡើងវិញចំពោះពួកគាត់។
បន្ថែមពីលើនោះផងដែរសម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញផងដែរឱ្យម្ចាស់អគារដែលជួលឱ្យគ្រឹះស្ថានសិក្សាឯកជនទាំងឡាយផ្តល់នូវការយោគយល់ និងមានភាពទន់ភ្លន់ជាមួយនឹងគ្រឹះស្ថានសិក្សាឯកជន។ សម្តេចបានអំពាវនាវឱ្យម្ចាស់អគារអស់កាត់បន្ថយថ្លៃឈ្នួលក្នុងការជួលអគារដល់ម្ចាស់គ្រឹះស្ថានឯកជន ព្រោះបច្ចុប្បន្ននេះ សូម្បីតែសណ្ឋាគារក៏ចុះថ្លៃដែរ ហើយកន្លែងខ្លះការទទួលទានគេចុះរហូតដល់ 30% ឬ50% ឯណោះ។ សម្រាប់សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាខ្លះដែលមានអគារផ្ទាល់ខ្លួនមិនមានបញ្ហានោះទេ តែគ្រឹះស្ថានសិក្សាដែលជួលអគារគេទើបគាត់លំបាក។ ដូច្នេះដើម្បីកុំឱ្យក្នុងពេលមានវិបត្តិនេះ គ្រឹះស្ថានសិក្សាឯកជនខាតបង់ខ្លាំងពេកសូមម្ចាស់អគារទាំងឡាយផ្តល់នូវការយោគយល់។
បង្ហាញការគាំទ្រលើចំណុចនេះ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវឱ្យម្ចាស់អគារបញ្ចុះតម្លៃឈ្នួល និងជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាឯកជន»។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ សាលារៀនដែលមានប្រាក់ចំណូលបង្គួរអាចមានចំណូលប្រហែល 40% ទៅ50% តែសម្រាប់សាលាភាសា និងសាលាសម្រាប់កុមារតូចជាច្រើន មានប្រាក់ចំណូលប្រហែលត្រឹមតែ 20% ទៅ30% តែប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរាគមន៍លើការរៀបចំឥណទានពិសេសសម្រាប់គ្រឹះស្ថានសិក្សាឯកជន ឱ្យដូចជាសហគ្រាសធនតូច និងមធ្យម (SME) និងឥណទានរបស់ធនាគារអភិវឌ្ឍជនបទ(RDB) នោះនឹងអាចជួយដល់គ្រឹះស្ថានសិក្សាឯកជនបានយ៉ាងច្រើន។
តែទោះបីជាយ៉ាងនេះក៏ដោយ លោក ប៉ិច បូឡែន បានបញ្ជាក់ផងដែរថា សាលារៀនឯកជនខ្លួនឯងក៏គួរត្រួតពិនិត្យលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួនឯងរៀងៗខ្លួន ដើម្បីប្រាកដប្រជាថាយើងអាចយកកម្ចីនេះមកប្រើប្រាស់ឱ្យមានប្រសិទ្ធភាពខ្ពស់ដែលអាចបង្កើតជាចរន្តសាច់ប្រាក់ដើម្បីមានលទ្ធភាពសងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញបានល្អ និងបន្តនិរន្តរភាពសាលារៀនក្នុងពេល Covid-19 និងក្រោយបញ្ហា Covid-19 ត្រូវបានបញ្ចប់៕