ឧទ្ធម្ភាគចក្រ Ingenuity ទទួលបានជោគជ័យក្នុងការហោះហើរសាកល្បងផ្ដាច់ខ្លួនពី “ពោះ” របស់យានរុករក និងបានចុះចតលើដីដោយសុវត្ថិភាព។
យានរុករកឈ្មោះ Rerseverance របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) នឹងហោះទៅកាន់ពិភពព្រះអង្គារជាមួយនឹងឧទ្ធម្ភាគចក្រស្វ័យប្រវត្តឈ្មោះ Ingenuity។ តាមគម្រោង ឧត្ធម្ភាគចក្រស្វ័យប្រវត្ត Ingenuityនេះ នឹងធ្វើការហោះហើរសាកល្បងដំបូងនៅលើពិភពដទៃក្នុងលម្ហអវកាសក្រៅពីផែនដីនាពេលដ៏ខ្លីខាងមុខ។
ដើម្បីបំពេញបេសកកម្ម ដំបូង ឧត្ធម្ភាគចក្រស្វ័យប្រវត្ត Ingenuity ត្រូវតែមានសមត្ថភាពក្នុងការញែកខ្លួនចេញពី “ពោះ” របស់យានរុករក រួចហើយចុះចតនៅលើផ្ទៃដី។ នេះគឺជាការធ្វើតេស្តប្រព័ន្ធដំណើរការរបស់ឧត្ធម្ភាគចក្រស្វ័យប្រវត្តសម្រាប់ហោះនៅលើពិភពអង្គាររបស់អង្គការ NASA។
ដំបូង គម្របរបស់យានរុករកត្រូវបើកគន្លឹះដោយស្វ័យប្រវត្ត បន្ទាប់មក ឧត្ធម្ភាគចក្រស្វ័យប្រវត្ត Ingenuity នឹងត្រូវបានដាក់ចុះ។ ម៉ាស៊ីនតូចមួយនឹងធ្វើការរុញច្រានរហូតដល់ឧត្ធម្ភាគចក្រស្វ័យប្រវត្ត Ingenuity មានលំនឹងស្មើគ្នា ដោយជើងទាំងអស់របស់ Ingenuity ត្រូវជ្រែងចេញជា4ទិស។ ចុងក្រោយ Ingenuity នឹងត្រូវទម្លាក់ចុះទៅកាន់ផ្ទៃដីនៃពិភពអង្គារ ហើយយាន Perseverance នឹងចាកចេញ ទុកកន្លែងឱ្យ Ingenuity ដើម្បីហោះឡើង។
តាមផែនការ យានរុករក Perseverance នឹងត្រូវបញ្ជូនទៅចុះចតនៅលើផ្ទៃពិភពព្រះអង្គារនៅក្នុងខែកុម្ភៈ ឆ្នាំ2021ខាងមុខ។ ឧត្ធម្ភាគចក្រស្វ័យប្រវត្ត Ingenuity ក៏នឹងត្រូវចាប់ផ្ដើមដំណើរការបន្ទាប់នោះរយៈពេល2ខែ៕
ប្រភព៖ សារព័ត៌មានបរទេស