អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ឈើប្រណីតប្រមាណជិត 2ពាន់ដើម នឹងត្រូវដាំតាមដងផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបង្កើនសោភណ្ឌភាព ជួយកាត់បន្ថយជាតិពុល និងធ្វើឱ្យបរិស្ថានកាន់តែប្រសើរ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញកំពុងរៀបចំដាំកូនឈើប្រណីតៗទាំងអស់នោះនៅតាមបណ្តោយផ្លូវ 271 ក្នុងខណ្ឌដង្កោ ដោយចាប់ផ្តើមពីស្តុបចំការដូងរហូតដល់រង្វង់មូលកួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្តាល។ ដាំឈើទាំងអស់នោះនឹងត្រូវដាំចន្លោះពីគ្នា8ម៉ែត្រ ដោយដើមឈើសរុបមានចំនួន 1,840ដើម លើកំណាត់ផ្លូវប្រវែង 7គីឡូម៉ែត្រសងខាង៕