បច្ចុប្បន្ននេះ ដោយសារតែមនុស្សរស់នៅក្នុងពិភពលោកដែលស្ទើរតែគ្រប់គ្នាមានប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឱ្យការបង្អួតសម្ភារៈនិយម និងការបង្ហាញពីឥទ្ធិពលនៃមាសប្រាក់បានកើតឡើងយ៉ាងព្រោងព្រាត។ បញ្ហាទាំងអស់នេះបានធ្វើឱ្យមនុស្សជាច្រើន ជាពិសេសអ្នកដែលស្ថិតនៅក្នុងជីវៈភាពមធ្យម ចាប់ផ្តើមបណ្តុះគំនិតចង់ក្លាយជាអ្នកមាន ដោយមិនបានសិក្សាពីដើមហេតុ និងហេតុផលសមស្របដែលគេទទួលបានសម្ភារៈទំនើប និងថ្លៃៗទាំងអស់នោះ។
លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia បានលើកឡើងថា ចង់មានលឿនពេក ក៏ជាមូលហេតុមួយនាំទៅរកជំងឺបាក់ទឹកចិត្តផងដែរ។ ពេលអ្នកឃើញអ្នកណាម្នាក់ដែលអ្នកស្គាល់មានបាន ហើយអ្នកក៏ចង់មានដូចគេ ហើយអ្នកសង្កេតឃើញថា ការងារគេខុសពីអ្នក ធ្វើឱ្យអ្នកមានអារម្មណ៍លែងចូលចិត្តការងារខ្លួនឯងទៀត ហើយធ្វើការទាំងធុញ ពេលធ្វើការទាំងធុញធ្វើឱ្យគុណភាពការងារធ្លាក់ចុះ កាន់តែមិនសប្បាយចិត្ត។ ក្រោយមកអ្នកអាចបោះបង់ការងារដែលខ្លួនធ្លាប់ស្រលាញ់ទៅធ្វើការងារដូចគេ ព្រោះចង់មានដូចគេ តែពេលចាប់ផ្ដើមធ្វើទើបអ្នកដឹងថា វាមិនមែនជាការងារដែលអ្នកចូលចិត្តនោះទេ ហើយអ្នកក៏ធ្វើវាមិនបានល្អ គុណភាពការងារអន់ ធ្វើឱ្យអ្នកអស់សង្ឃឹម ហើយឈានទៅរកជំងឺបាក់ទឹកចិត្ត។
លោកថា ភាគជោគជ័យមិនមែនវាស់ដោយចំនួនលុយឡើយ គឺវាស់ដោយសុភមង្គលដែលអ្នកមាន ភាពរីករាយដែលអ្នកមាន ហេតុនេះ ត្រូវចេះរីករាយជាមួយការងាររបស់អ្នក ខិតខំធ្វើវាប្រកបដោយគុណភាពខ្ពស់៕