នៅ Lopburi ដែលជាទីក្រុងស្វាដ៏ល្បីឈ្មោះនៅប្រទេសថៃ ប្រជាជនត្រូវធ្វើរបងការពារជុំវិញផ្ទះ និងមានទាំង “តំបន់ហាមឃាត់” សម្រាប់មនុស្សទៀតផង ដើម្បីការពារសុវត្ថិភាពពីការវាយប្រហាររបស់ហ្វូងស្វា។
Kuljira Taechawattanawanna ជាពលរដ្ឋម្នាក់នៅក្នុងទីក្រុង Lopburi ដែលកំពុងតែជ្រោកក្រោមសំណាញ់នៃទីលានលើដំបូលផ្ទះ បានត្អូញត្អែរអំពីការគំរាមកំហែងរបស់ហ្វូងសត្វស្វានៅកណ្ដាលទីក្រុងនៃខេត្ត Lopburi ភាគកណ្ដាលប្រទេសថៃ។
“ពួកយើងរស់នៅក្នុងទ្រុង ចំណែកហ្វូងសត្វស្វាបែរជារស់នៅខាងក្រៅ”។ Taechawattanawanna និយាយបន្តថា “លាមករបស់ពួកវាមានគ្រប់កន្លែង ក្លិនស្អុយស្ទើរទ្រាំមិនបាន ពិសេសគឺពេលមានភ្លៀង។
ហ្វូងសត្វស្វាដែលមិនមានការភ័យខ្លាចអ្វីសោះ ហាក់កំពុង “គ្រប់គ្រង” ដងផ្លូវគ្រប់ទីកន្លែងក្នុងទីប្រជុំជននៅជុំវិញតំបន់ប្រាសាទ Prang Sam Yod នៅកណ្ដាលទីក្រុង Lopburi។ ពួកវាតែងនាំគ្នាតោងឡើងជញ្ជាំងខ្ពស់ៗ ដើម្បី “ត្រួតពិនិត្យ” ស្ថានការណ៍ ហើយសម្រុកចូលទៅហែកបន្ទះកៅស៊ូនៃទ្វាររថយន្តដែលនៅក្បែរនោះ។
សកម្មភាពប្លែកៗដែលគួរឱ្យចង់សើចរបស់ហ្វូងសត្វស្វា ត្រូវបានគេទទួលស្គាល់ជាទូទៅថាជាការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរណ៍នៅតំបន់ Lopburi។ នៅមុន COVID-19 មកដល់ ក្រុមអ្នកទេសចរណ៍មកកាន់ទីក្រុង Lopburi សុទ្ធតែផ្ដល់ចំណីឱ្យហ្វូងសត្វស្វា ហើយថតរូបជាមួយពួកវាយ៉ាងសប្បាយ។
ប៉ុន្តែ យុទ្ធនាការសម្អាតមេរោគពីសំណាក់អាជ្ញាធរទីក្រុង ដោយសារតែ COVID-19 ហាក់បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ហ្វូងសត្វស្វាទាំងនោះ ធ្វើឱ្យឥរិយាបថរបស់ពួកវាប្ដូរផ្លាស់។ ម្យ៉ាងទៀត ការដែលមិនមានភ្ញៀវបរទេសមកកាន់ទីក្រុងនេះ គឺស្មើនឹងការបាត់បង់អាហារមួយភាគធំសម្រាប់ហ្វូងស្វា នាំឱ្យពួកវាក្លាយទៅជាសត្វសាហាវ។
ល្បឿននៃការកើនឡើងដ៏ឆាប់រហ័សក្នុងរយៈពេល3ឆ្នាំមកនេះ បាននាំឱ្យចំនួនសត្វស្វាកើនឡើងដល់ប្រមាណជា6,000ក្បាលនៅក្នុងទីក្រុង Lopburi។ ប្រការនេះបានធ្វើឱ្យបរិស្ថានប្រែទៅជាអាក្រក់សម្រាប់មនុស្ស ខណៈប្រជាជនមួយចំនួនមិនអាចទ្រាំនឹងស្ថានភាពនេះបាន។ តំបន់ជាច្រើននៅក្នុងទីក្រុង ថែមទាំង “សុំចុះចាញ់” ហ្វូងសត្វស្វាទាំងនេះទៀតផង។
រោងភាពយន្តមួយកន្លែងដែលត្រូវគេទុកចោល បានក្លាយជាទីដាក់សាកសព និងជាទីស្នាក់នៅរបស់ហ្វូងសត្វស្វា។ សត្វស្វាដែលបានងាប់ ត្រូវបានគ្នាវាដាក់នៅក្នុងបន្ទប់មួយរបស់រោងកុន ហើយនៅពេលមានមនុស្សណាម្នាក់ឈានជើងចូល គឺសុទ្ធតែត្រូវហ្វូងស្វាវាយប្រហារភ្លាមៗ។
នៅក្បែររោងកុនខាងលើ ម្ចាស់ហាងមួយកន្លែងក៏ត្រូវយកខ្លានិងក្រពើតុក្កតាមកតាំងដើម្បីបន្លាចហ្វូងស្វា ព្រោះតែពួកវាតែងតែនាំគ្នាមក “ឆក់ប្លន់” ទំនិញរបស់ហាងនេះ។
មនុស្សមួយចំនួននៅក្នុងទីក្រុង Lopburi យល់ថា មូលហេតុដែលនាំឱ្យហ្វូងស្វាមានឱកាសលុកចូល “គ្រប់គ្រង” ទីក្រុងនេះ អាចបណ្ដាលមកពីទីក្រុងចេះតែពង្រីកខ្លួនចូលទៅកាន់តំបន់ព្រៃដែលនៅមិនឆ្ងាយពីទីនោះ។
ប្រជាជនជាច្រើននៅទីក្រុង Lopburi តែងយកចំណីមកឱ្យហ្វូងស្វា ក្នុងបំណងកាត់បន្ថយ “ភាពតានតឹងនិងជម្លោះ” ដែលកើតឡើងដោយសារការ “ឆក់ប្លន់” អាហារនិងទ្រព្យរបស់អ្នកស្រុក ពីសំណាក់ហ្វូងសត្វស្វា។ ក៏ប៉ុន្តែមានអ្នកខ្លះជឿថា អាហារដែលមានផ្ទុកជាតិស្ករច្រើន ទឹកដែលមានហ្គាស និងធញ្ញជាតិ បានជំរុញឱ្យជីវភាពផ្លូវភេទរបស់ពួកវាកាន់តែល្អប្រសើរ។
Pramot Ketampai ដែលជាអ្នកគ្រប់គ្រងបណ្ដាប្រាសាទតូចៗនៅជុំវិញប្រាសាទ Prang Sam Yod បានឱ្យដឹងថា៖ “ពួកវាស៊ីកាន់តែច្រើន កាន់តែមានកម្លាំង ទើបពួកវាកើតកូនចៅកាន់តែច្រើន”។
“សង្គ្រាម” នានារវាងហ្វូងស្វា ថ្មីៗនេះបានបង្កការចាប់អារម្មណ៍ពីក្រុមមន្ត្រីនៅទីក្រុង Lopburi នាំឱ្យពួកគេសម្រេចចិត្តដំណើរការឡើងវីញនូវកម្មវិធីគ្រៀវសត្វស្វានៅក្នុងខែមីថុនានេះ ក្រោយពីបានផ្អាកតាំងតែពី3ឆ្នាំមុន។
ក្រុមបុគ្គលិកនៃការិយាល័យជំនាញផ្នែកសត្វព្រៃ បានយកផ្លែឈើទាក់ទាញហ្វូងស្វាឱ្យចូលទៅក្នុងទ្រុង ហើយនាំពួកវាទៅកាន់បន្ទប់ពិនិត្យសុខភាពដើម្បីចាក់ថ្នាំសណ្ដំនិងគ្រៀវ រួចហើយក៏ចាក់សាក់ជាសម្គាល់ មុននឹងលែងពួកវាទៅវិញ។
អាជ្ញាធរទីក្រុង Lopburi បានកំណត់គោលដៅក្នុងការគ្រៀវស្វាចំនួន500ក្បាលឱ្យបានមុនថ្ងៃទី26មិថុនាខាងមុខ។ ប៉ុន្តែ យុទ្ធនាការនេះនឹងមិនអាចគ្រប់គ្រងហ្វូងស្វាបានទាំងស្រុងទេ ដូច្នេះអាជ្ញាធរក៏បានរៀបផែនការបង្កើតតំបន់អភិរក្សសត្វស្វាមួយនៅក្នុងទីក្រុង៕
ប្រភព៖ សារព័ត៌មានបរទេស