ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងតែស្វែងរកមនុស្សឱ្យចូលរួមប្រើប្រាស់សាកល្បងសេវាអ៊ីនធើណិតពីផ្កាយរណប Starlink របស់ខ្លួន។
គេហទំព័ររបស់ Starlink បានអនុញ្ញាតឱ្យមានការចុះឈ្មោះទទួលព័ត៌មានអំពីគម្រោងអ៊ីនធើណិតរបស់ក្រុមហ៊ុននេះ។ អ្នកដែលចង់ប្រើប្រាស់សាកល្បង ត្រូវបញ្ចូលអាសយដ្ឋានអ៊ីមេលនិងលេខសម្គាល់ប្រៃសណីយ៍។ ក្រោយមក Starlink នឹងផ្ញើសារជូនដំណឹងនៅពេលណាដែលមានកម្មវិធីប្រើប្រាស់សាកល្បងត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលអ្នកចង់ប្រើប្រាស់បានចុះឈ្មោះ ដោយយោងទៅតាមលេខកូដប្រៃសណីយ៍។
យោងតាមខ្លឹមសារដែលលោក Elon Musk បានសរសេរនៅលើទំព័រ Twitter កម្មវិធីសាកល្បងប្រើអ៊ីនធើណិតដំបូងគេនឹងត្រូវចាប់ផ្ដើមនៅក្នុងបណ្ដាតំបន់ដែលស្ថិតក្នុងរយៈទទឹងខ្ពស់ ដូចជាតំបន់ Seattle នៅសហរដ្ឋអាមេរិក និងនៅប្រទេសអាល្លឺម៉ង់ជាដើម។
បច្ចុប្បន្ន ផ្កាយរណបប្រមាណជា500របស់ក្រុមហ៊ុន SpaceX កំពុងហោះហើរជុំវិញផែនដី។ SpaceX មានបំណងប្រើប្រាស់ផ្កាយរណបរបស់ខ្លួនធ្វើជាស្ពានដើម្បីលុបបំបាត់ “ភាពអយុត្តិធម៌” នៅក្នុងការប្រើប្រាស់ព័ត៌មានវិទ្យានិងទូរគមនាគមន៍រវាងតំបន់នានាក្នុងពិភពលោក។ ពាក់កណ្ដាលនៃពិភពលោកនាបច្ចុប្បន្ន (ភាគច្រើនគឺនៅតំបន់ជនបទ និងអ្នកក្រីក្រ) នៅតែមិនអាចប្រើប្រាស់អ៊ីនធើណិត ឬត្រូវបង្ខំចិត្តប្រើប្រាស់សេវាអ៊ីនធើណិតកម្រិតខ្សោយតែតម្លៃខ្ពស់។
តាមគម្រោង ក្រុមហ៊ុននេះនឹងចាប់ផ្ដើមសាកល្បងសេវាអ៊ីនធើណិតផ្កាយរណបនៅក្នុងរដូវក្ដៅឆ្នាំនេះ ហើយនឹងធ្វើពាណិជ្ជកម្មនៅអាមេរិកខាងជើងចាប់ពីចុងឆ្នាំ2020។ គោលដៅចុងក្រោយរបស់លោក Elon Musk គឺការផ្គត់ផ្គង់អ៊ីនធើណិតនៅទូទាំងពិភពលោកនាឆ្នាំ2021។
គោលដៅដំបូងរបស់ Starlink គឺការផ្គត់ផ្គង់សេវាកម្មសម្រាប់តំបន់ដែលមានសេវាអ៊ីនធើណិតខ្សោយ។ ប៉ុន្តែ លោក Musk ក៏បានរៀបចំគម្រោងសម្រាប់ផ្ដល់សេវាអ៊ីនធើណិតតម្លៃទាបនៅក្នុងតំបន់ទីក្រុងផងដែរ។ លោក Musk ឱ្យដឹងថា អ៊ីនធើណិតផ្កាយរណបនេះនឹងមានល្បឿន1Gb/វិនាទី ជាមួយនឹង latency (ភាពយឺតនៃល្បឿនអ៊ីនធើណិត) ប្រមាណជា30មីលីវិនាទី។ ល្បឿននេះគ្រប់គ្រាន់សម្រាប់ការលេងហ្គេមវីដេអូកម្រិតខ្ពស់ ដែលនេះអាចប្រកួតប្រជែងបានជាមួយនឹងថ្នាលអ៊ីនធើណិតបុរាណនាបច្ចុប្បន្ន។ ដើម្បីធ្វើការប្រៀបធៀប សូមពិនិត្យមើលទៅលើល្បឿនអ៊ីនធើណិតប្រភេទលឿន (broadband) នៅអង់គ្លេស៖ ជាមធ្យមវាមានល្បឿនត្រឹមតែ 64Mb/វិនាទីតែប៉ុណ្ណោះ។
គូប្រជែងជាច្រើនរបស់ SpaceX ក៏កំពុងតែមានគម្រោងបញ្ចេញប្រព័ន្ធផ្កាយរណបដែលហោះហើរលើគន្លងគោចរកម្រិតទាប ដូចជា OneWeb, Amazon, Facebook, Space Norway និង Telesat ជាដើម។ ជាងនេះ លោក Musk ថែមទាំងបានស្នើផ្ដល់សេវាកម្មបាញ់បង្ហោះផ្កាយរណបរបស់គូប្រជែងទាំងនេះ ឡើងទៅកាន់គន្លងគោចរទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស