នៅក្នុងសតវត្សទី21នេះ ជាយុគ្គសម័យថ្មីមួយនៃបច្ចេកវិទ្យាដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើគ្រប់ផ្នែកទាំងអស់ ជាពិសេសប្រព័ន្ធការងារ និងការអប់រំ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានដើរតួនាទីកាន់តែសំខាន់នៅក្នុងពិភពលោក ហើយក្នុងនោះ បច្ចេកវិទ្យាមួយចំនួនក៏បានចូលមកជំនួសការងាររបស់មនុស្សផងដែរ។ បញ្ហានេះទាមទារឱ្យការអប់រំក៏ត្រូវតែអភិវឌ្ឍដើម្បីធ្វើយ៉ាងណាឱ្យឆ្លើយតបជាមួយនឹងទីផ្សារការងារថ្មីក្នុងសតវត្សទី21នេះ។ សម្រាប់កម្ពុជា នៅក្នុងសន្និបាតអប់រំឆ្នាំ2020នេះ យើងបានជ្រើសរើសយកប្រធានបទ«ការអប់រំឌីជីថល» ព្រោះវាជាផ្នែកសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការការងារក្នុងពិភពលោកនាសតវត្សថ្មីនេះ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «តម្រូវការទីផ្សារការងារនាសតវត្សទី21នេះ ចាំបាច់ត្រូវការបំណិនខ្ពស់ ដូចជាបំណិនវិជ្ជាជីវៈ បំណិនផ្នែកទន់ ដូចជាការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម គំនិតច្នៃប្រឌិត និងបំណិនបច្ចេកវិទ្យាជាដើម»។
រដ្ឋមន្ត្រីក្រសួងអប់រំបានបន្ថែមទៀតថា ចំពោះបំណិនបច្ចេកវិទ្យា គឺចាំបាច់ត្រូវបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដើម្បីឱ្យប្រជាជនរបស់យើងមានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ចេះសរសេរកម្មវិធី ឬចេះសរសេរកូដជាដើម។ កាលណាពួកគេមានចំណេះដឹងទាំងអស់នេះ ពួកគេនឹងនៅតែរក្សាបាននូវតម្លៃចំពោះការងារក្នុងរយៈពេលវែងតទៅមុខទៀត៕