ឪពុកម្តាយជាច្រើនចង់នាំកូនតូចជាទីស្រឡាញ់ទៅមើលកុនជាមួយដែរ តែក៏បារម្ភថានឹងកើតហេតុដែលមិននឹកស្មានដល់កណ្តាលរោងភាពយន្ត ក្លាយជាការរុកគួនរំខានផ្លូវចិត្តដល់អ្នកចូលទស្សនាដទៃទៀត។ ការនាំកូនចូលរោងភាពយន្តគឺជារឿងដែលឪពុកម្តាយត្រូវតែគិត និងដឹងឱ្យច្បាស់ គួរតែចាប់ផ្តើមនៅពេលឃើញថាកូនត្រៀមខ្លួនរួចជាស្រេចហើយ ដូច្នេះមុននឹងនាំកូនតូចចូលមើលកុនលើកដំបូងនោះ រឿងដែលឪពុកម្តាយត្រូវធ្វើមានដូចតទៅ ៈ
1 – ធ្វើឱ្យការចូលរោងកុនក្លាយជារឿងគួរឱ្យចង់សាកល្បង
រៀបរាប់ឱ្យកូនស្តាប់ បើកថ្រេលលើរ៍កុនខ្លីៗឱ្យកូនមើល ធ្វើឱ្យការប្រាប់ថា “យើងនឹងនាំគ្នាទៅមើលកុន” ក្លាយជាអ្វីដែលគួរឱ្យត្រេកអរ និងរំភើបញាប់ញ័រ “យេ!!”។
2 – ប្រាប់ពីការពិតយ៉ាងលម្អិត
“នៅក្នុងរោងកុនវាងងឹតត្រង់កន្លែងដែលយើងអង្គុយ និងសំឡេងឮខ្លាំងបន្តិចហើយណាកូន តែវាជាកុនរឿងតុក្កតារូបធំៗឱ្យយើងមើល”។
3 – ម៉ាក់នៅជាមួយកូនជានិច្ច
ប្រាប់កូនថា ម៉ាក់ និងប៉ានឹងអង្គុយនៅជាមួយកូនជានិច្ច មិនទៅណាឡើយ បើខ្លាច ឬមានអារម្មណ៍អ្វីម្យ៉ាងនោះ យើងនឹងកែកែបញ្ហាជាមួយគ្នា។
4 – សួរពីការស្ម័គ្រចិត្ត និងផ្តល់ជម្រើសដល់កូន
មិនបង្ខំកូន សង្កេតមើលថា តើពេលស្តាប់ហើយ កូនអូខេឬទេ? បើចង់ទៅម៉ាក់នឹងនាំទៅ តែបើមិនចង់ទេក៏មិនអីដែរ និង “យើងនឹងចេញពីរោងកុនបាន បើសិនយើងចង់ចេញ”។
5 – បង្រៀនកូនឱ្យគោរពសិទ្ធិអ្នកដទៃ
ចំណុចនេះសំខាន់ណាស់ ត្រូវបង្រៀនកូនយ៉ាងម៉ឺងម៉ាត់ថា គ្រប់គ្នានៅក្នុងរោងភាពយន្តត្រូវការភាពស្ងប់ស្ងាត់ ធ្វើហេតុការណ៍ឧទាហរណ៍ឱ្យកូនមើលថា បើកូនកំពុងមើលកុនស្ងាត់ៗ ស្រាប់តែមានក្មេងនិយាយឮៗឡើងនោះ អ្នកក្បែរៗនោះអាចនឹងមើលកុនលែងល្អមើលមិនខាន។
6 – កំណត់កតិកា
ចំណុចនេះ “សំខាន់បំផុត” ត្រូវកំណត់កតិកាជាមួយកូនថា បើចង់និយាយ គេត្រូវនិយាយឱ្យតិចៗ ហ្វឹកហាត់ការនិយាយបែបខ្សិប និង “បើកូននិយាយឮខ្លាំងៗលើសពីបីដង មានន័យថា យើងអាចនឹងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការមើលកុននៅឡើយទេ ហើយយើងនឹងចេញពីរោងកុនសិន ហើយត្រឡប់មកម្តងទៀតនៅពេលណាដែលធំដឹងក្តីល្មមហើយ”។
ព្រោះរោងភាពយន្តជាទីសាធារណៈ និងជាទីកន្លែងផ្លែកថ្មីសម្រាប់ក្មេងៗនោះ លោកឪពុកអ្នកម្តាយត្រូវតែត្រៀមខ្លួនរួចជាស្រេចចាំទប់ទល់នឹងស្ថានការណ៍ដែលអាចនឹងគ្រប់គ្រងមិនបាន និងថែមទាំងនៅអាចមានជំងឺឆ្លងរាលដាល ដូចជា ជំងឺផ្តាសាយទៀតផង ដូច្នេះរឿងដែលល្អបំផុត គឺរង់ចាំឱ្យកូនធំដឹងក្តីហើយសិន សឹមនាំទៅមើលកុន៕