Adobe Flash Player គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Adobe ជាកម្មវិធីអាចឱ្យវីដេអូនៅលើ Internet Browser ដំណើរការបាន និងមានការពេញនិយមយ៉ាងខ្លាំងកាលពីជាង 1ទសវត្សរ៍មុន។ ពេលវេលាចេះតែដើរទៅមុខ ស្របពេលជាមួយបច្ចេកវិទ្យាក៏ចេះតែវិវឌ្ឍទៅកាន់តែល្អប្រសើរឡើង ក្នុងការបង្កើតកម្មវិធីថ្មីៗ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។
ដូចគ្នានេះដែរ ការដាក់ចេញឱ្យប្រើប្រាស់ HTML5 កាលពីឆ្នាំ2008 ដែលមានបន្ថែមមុខងាររបស់ Adobe Flash ដោយមិនចាំបាច់បញ្ចូលកម្មវិធីបន្ថែមនោះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុន Apple ចាប់ផ្ដើមឈប់ប្រើប្រាស់ Adobe Flash ហើយងាកមកប្រើមុខងារនេះជាមួយ HTML5 វិញម្ដង។
ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យអ្នកប្រើប្រាស់លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័ររបស់ពួកគេនៅដំណាច់ឆ្នាំនេះ ស្របពេលដែលកម្មវិធីនេះត្រូវបានគ្រោងនឹងឈានដល់ទីបញ្ចប់នៃជីវិត (End-Of-Life) នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ខាងមុខនេះហើយ។ តាមពិតទៅ កម្មវិធី Flash Player ត្រូវបានប្រកាសឱ្យឈប់ប្រើប្រាស់តាំងពីអំឡុងឆ្នាំ2017 មកម្ល៉េះ រួមជាមួយនឹងក្រុមហ៊ុនផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla។ ដោយឡែក មានតែ Facebook មួយប៉ុណ្ណោះដែលនៅតែត្រូវការពឹងផ្អែកទៅលើ Flash Player ដើម្បីឱ្យហ្គេមមួយចំនួនអាចដំណើរការបាន។
មូលហេតុនៃគោលបំណងធ្វើនេះ គឺដោយសារតែ Flash Player តែងតែត្រូវបានវាយប្រហារដោយពួក Hacker និងអ្នកបង្កើតមេរោគ Malware។
Adobe ក៏បានឱ្យដឹងដែរថា នៅពេល Flash ឈានដល់កាលបរិច្ឆេទបញ្ចប់ ក្រុមហ៊ុនមិនត្រឹមតែមានគម្រោងបញ្ឈប់ការផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាព (Update) ប៉ុណ្ណោះទេ ហើយពួកគេក៏មានគម្រោងនឹងដកតំណទាញយក (Download Link) Flash Player ចេញពីគេហទំព័ររបស់ពួកគេផងដែរ ដើម្បីចៀសវាងកុំឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី Flash ដែលអាចប្រឈមនឹងការវាយប្រហារថ្មីៗបន្តទៀត ជាពិសេសនៅពេលដែលក្រុមហ៊ុនបញ្ចប់ការធ្វើបច្ចុប្បន្នភាព៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា