ក្រុមហ៊ុន Zoom ដែលបានដាក់ឱ្យប្រើប្រាស់មុខងារ end-to-end encryption កាលពីដើមឆ្នាំនោះ ឥឡូវក្រុមហ៊ុនមួយនេះ ត្រូវបានគេរិះគន់ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ end-to-end encryption ដែលពុំមានសុវត្ថិភាព។
Zoom ក៏ធ្លាប់បានសន្យាដែរថា នឹងធ្វើការកែសម្រួលប្រព័ន្ធ encryption របស់ខ្លួនឱ្យមានភាពល្អប្រសើរឡើង ដើម្បីចៀសវាងការបាត់បង់ប្រជាប្រិយភាព និងធ្វើឱ្យត្រូវទៅនឹងស្តង់ដា encryption GCM AES 256-bit ដែលជា encryption មានស្តង់ដាខ្ពស់ដែលពិបាកនឹងបំបែកបាន។ ប៉ុន្តែក្រោយមកបន្តិច Zoom បែរជាប្រកាសថាប្រព័ន្ធ encryption ថ្មីនេះ គឺសម្រាប់តែអតិថិជនដែលបានបង់លុយប៉ុណ្ណោះ។
ការប្រកាសបែបនេះ ត្រូវបានរងការរិះគន់សាជាថ្មី ពីអ្នកប្រើប្រាស់ និងសមាជិកសភានៅសហរដ្ឋអាមេរិក។ សមាជិកសភា លោក Sherrod Brown នៃរដ្ឋ Ohio និងលោក Richard Blumenthal នៃរដ្ឋ Connecticut បានធ្វើការស្ដីបន្ទោសដោយប្រើពាក្យសម្ដីធ្ងន់ៗ នៅពេលដែល Zoom ប្រកាសមិនផ្ដល់ end-to-end encryption ដល់អ្នកប្រើប្រាស់ ដូចដែលក្រុមហ៊ុនបានសន្យាកាលពីពេលកន្លងទៅ។
ដោយសារមានប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងសុវត្ថិភាព និងឯកជនភាព របស់អ្នកប្រើប្រាស់នេះ ទើបក្រុមហ៊ុន Zoom បានប្រកាសកាលពី 2ថ្ងៃមុនថា នឹងដាក់ឱ្យប្រើប្រាស់មុខងារ end-to-end encryption ដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសម្រាប់អតិថិជនដែលមិនបង់លុយ ក្រុមហ៊ុនទាមទារឱ្យមានការបញ្ចូលលេខទូរស័ព្ទ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
មុខងារ end-to-end encryption នេះគឺមានសម្រាប់តែ Video conferencing ប៉ុណ្ណោះ គឺមិនមានសម្រាប់ការផ្ញើសារនោះទេ៕