ការអប់រំ ជាផ្នែកយ៉ាងមានសារៈសំខាន់សម្រាប់គ្រប់ប្រទេសទាំងអស់ និងគ្រប់ពេលវេលា ព្រោះទោះបីជាមានវិបត្តិសេដ្ឋកិច្ច និងការរីករាលដាលនៃមេរោគ Covid-19 ក៏ដោយក៏ការអប់រំនៅតែជាចំណុចអាទិភាពក្នុងប្រទេសនីមួយ។
នៅកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងបានជំរុញឱ្យមានការបណ្តុះបណ្តាលតាមរយៈបច្ចេកវិទ្យា ក្រោយពីមានការបិទសាលាដើម្បីបង្ការឱ្យមានការរីករាលដាលនៃមេរោគ Covid-19។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងចំណោមសិស្ស3លាននាក់នៅទូទាំងប្រទេសកម្ពុជា មានសិស្សប្រមាណ 30% ដែលមិនទាន់ទទួលបានសេវាអប់រំ។ បញ្ហាដែលពួកគេមិនទាន់ទទួលបានសេវាអប់រំគឺដោយសារតែ សិស្សទាំងអស់នោះមិនមានលទ្ធភាពប្រើប្រាស់ Smart Phone និងកុំព្យូទ័រ។ ម្យ៉ាងវិញទៀតពូកគេភាគច្រើនរស់នៅឆ្ងាយពីសាលារៀន និងស្ថិតក្នុងជីវភាពក្រីក្រ។
ឯកឧត្តមបានបន្ថែមទៀតថា ក្នុងចំណោមសិស្ស 3លាននាក់នោះ មានពាក់កណ្តាលទទួលបានសេវាអប់រំពីក្រសួងអប់រំ និងពាក់កណ្តាលទៀតត្រូវពឹងផ្អែកលើសៀវភៅសិក្សាគោល៕