ភ្នំពេញៈ ក្រុមហ៊ុន Amru Rice បានបោះទុនវិនិយោគ17លានដុល្លារអាមេរិកលើវិស័យស្រូវអង្ករដើម្បីបង្កើនការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេស។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Riceបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី3 សីហាម្សិលមិញនេះថា ក្រុមហ៊ុនបានបោះទុន10លានដុល្លារលើរោងម៉ាស៊ីនកិនស្រូវចំនួន3 និង7លានដុល្លារទៀតដើម្បីប្រមូលទិញស្រូវពីកសិករកម្ពុជាដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការផលិត និងលក់ស្រូវក្នុងតម្លៃសមរម្យដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ លោកឧកញ៉ាបន្តថា គម្រោងធ្វើស្រែនេះបានគ្របដណ្តប់លើប្រជាជនចំនួន6,000គ្រួសារ និងមានផ្ទៃដីសរុបចំនួន12,000ហិកតា និងអាចប្រមូលផលបានប្រមាណជា3ម៉ឺនតោន។
លោកឧកញ៉ាបានបន្តថា “ការធ្វើស្រែតាមបែបកិច្ចសន្យាជាការធ្វើឲ្យមានទំនុកចិត្តក្នុងទីផ្សារសម្រាប់កសិករ ព្រោះពេលពួកគាត់ផលិតបាន ពួកគាត់មានទីផ្សារស្រាប់ និងធានាបាននូវគុណភាពស្រូវដែលផ្តល់ភាពងាយស្រូលសម្រាប់នាំចេញ”។ លោកឧកញ៉ាបន្តទៀតថា “ការធ្វើស្រែតាមបែបកិច្ចសន្យាក៏នឹងធ្វើឲ្យកសិករទទួលបានចំណូលប្រសើរជាងមុនដែរ និងថែមទាំងជួយលើកកម្ពស់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីទៀតផង”។
លោកឧកញ៉ា សុង សារ៉ន បានបន្តថា ក្រៅពីប្រមូលទិញស្រូវពីកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅខេត្តព្រះវិហារ បាត់ដំបង និងខេត្តកំពង់ចាមហើយ ក្រុមហ៊ុនក៏បានជួយទិញស្រូវពីកសិករ ដែលមិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅពេលពួកគាត់យកស្រូវមកលក់ឱ្យផងដែរ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនបានថ្លែងថា ក្រសួងបាន និងកំពុងជួយជំរុញការធ្វើស្រែតាមរយៈការចុះកិច្ចសន្យា តាមរយៈការសហការរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញស្រូវដើម្បីកិនជាអង្ករធ្វើការនាំចេញផងដែរ។ លោកបន្តថា ការធ្វើស្រែតាមបែបចុះកិច្ចសន្យាជាការធានាដល់កសិករពីទីផ្សារស្រូវរបស់ខ្លួននៅពេលប្រមូលផល ដើម្បីពួកគេមិនព្រួយបារម្ភពីកង្វះទីផ្សារ និងការទម្លាក់តម្លៃពីឈ្មួញឱកាសនិយមមួយចំនួន។
លោកបន្តថា “ក្រសួងកសិកម្មមិនអាចធ្វើការងារបានទទួលជោគជ័យនោះទេ បើគ្មានការចូលរួមពីវិស័យឯកជន និងអាជ្ញាធរពាក់ព័ន្ធ”៕