បច្ចុប្បន្ននេះកម្ពុជាបានសាងសង់ព្រលានយន្តហោះថ្មីដែលធំជាងមុនលើទឹកដីខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តតាកែវ ដោយអាកាសយានដ្ឋាននេះនឹងអាចទទួលយន្តហោះខ្នាតធំឆ្លងទ្វីបបាន ដើម្បីជំរុញភ្ញៀវទេសចរណ៍ ក៏ដូចជាប្រជាជនលើប្រពិភពលោកមកកាន់កម្ពុជាកាន់តែច្រើន។
ទោះជាយ៉ាងនេះក្តីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងក៏ត្រូវរក្សាទុកជាព្រលានយន្តហោះដដែល តែត្រូវផ្លាស់ប្តូរមុខងារខ្លះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ព្រលានយន្តហោះពោធន៍ចិនតុងត្រូវទុកជាព្រលានយន្តហោះដដែលបើទោះបីជាមានព្រលានយន្តហោះថ្មីក៏ដោយ តែវាត្រូវបន្ថែមមុខងារថ្មី។ មុខងារសំខាន់ទី1 គឺទុកជាព្រលានយន្តហោះសម្រាប់យោធា មុខងារទី2 សម្រាប់ការហោះហើផ្ទៃក្នុងប្រទេស មុខងារទី3 គឺប្រើសម្រាប់ដឹកជញ្ជូនសម្ភារៈ និងទំនិញផ្លូវអាកាស និងមុខងារទី4 សម្រាប់ជាចំណតរបស់ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រមុខរដ្ឋជាភ្ញៀវ និងជាកន្លែងចតយន្តហោះឯកជន (private jet)៕