COVID-19 បានផ្ដល់ឱកាសសម្រាប់ក្រុមហ៊ុននានាក្នុងការបង្កើតសេវាកម្មជួយដល់អតិថិជនដើម្បីភ្ជាប់ទំនាក់ទំនងជាងញាតិ ឬអ្នកដទៃ ការផ្ដល់ប្រឹក្សាយោបល់ផ្លូវចិត្ត និងកាត់បន្ថយភាពតប់ប្រមល់នៅពេលត្រូវនៅផ្ទះយូរថ្ងៃខែ។
បម្រាមគោចរ និងបទបញ្ជារក្សាគម្លាតសង្គមដោយសារតែវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសCOVID-19 គឺជាឧបសគ្គសម្រាប់ក្រុមហ៊ុនជាច្រើន។ ប៉ុន្តែ ក្រុមហ៊ុនមួយចំនួនបានបង្វែរបញ្ហានេះឱ្យទៅជាឱកាស។ នៅលើទំព័រសារព័ត៌មាន CNBC ស្ថាបនិកក្រុមហ៊ុនថ្មីៗចំនួន3 បានចែករំលែកអំពីបទពិសោធន៍ក្នុងការរកលុយពីតម្រូវការនៃការកាត់បន្ថយភាពឯកានៅក្នុងសម័យCOVID-19នេះ។
នៅមុនសម័យCOVID-19 ភាពឯកាក៏ជាបញ្ហាមួយនៅក្នុងយុគសម័យបច្ចេកវិទ្យា។ យោងតាមរបាយការណ៍មួយនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ជិត2/3 (61%) នៃក្រុមមនុស្សដែលត្រូវបានស្ទង់មតិ មានអារម្មណ៍ថាឯកា។ តួលេខនេះបានកើនឡើងច្រើនបើធៀបនឹង54%កាលពីឆ្នាំ2018។
បញ្ហាខាងលើនេះនឹងបង្កផលវិបាកច្រើនដល់សុខភាព ព្រោះថាអ្នកដែលតែងតែមានអារម្មណ៍ឯកានឹងងាយជួបប្រទះបញ្ហាគាំងបេះដូង ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ដែលអាចធ្វើឱ្យពួកគេមានអាយុមិនបានវែង។
Karen Dolva អាយុ29ឆ្នាំ ជាសហស្ថាបនិករបស់ក្រុមហ៊ុន No Isolation ដឹងយ៉ាងច្បាស់អំពីប្រការខាងលើនេះ។ ក្នុងរយៈពេល5ឆ្នាំកន្លងទៅ ក្រុមហ៊ុននៃប្រទេសន័រវែសមួយនេះ បានប្រឹងប្រែងជួយដល់អតិថិជនរបស់ខ្លួនក្នុងការកាត់បន្ថយភាពឯកានិងបញ្ហាសុខភាពដែលកើតឡើងដោយសារភាពឯកា។ អតិថិជនរបស់ក្រុមហ៊ុន No Isolation គឺជាមនុស្សវ័យចំណាស់និងកុមារ។ ក្រុមហ៊ុននេះប្រើប្រាស់ផលិតផលបច្ចេកវិទ្យាដែលមានមុខងារជួយដល់ទំនាក់ទំនងរបស់អ្នកជំងឺ ដូចជាមនុស្សយន្តដែលបង្ហាញអំពីចលនា ឬកុំព្យូទ័រថេប្លែតជាដើម។
វិបត្តិសុខភាពដែលបណ្ដាលមកពីវីរុសCOVID-19 ធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរជាងមុន។ នៅក្នុងរយៈពេល2សប្ដាហ៍ចុងក្រោយនៃខែមីនា នៅពេលដែលCOVID-19បានរាលដាល់ពេញអឺរ៉ុប តម្រូវការទាក់ទិននឹងផលិតផលរបស់ក្រុមហ៊ុន No Isolation បានកើនឡើងខ្ពស់។ ពួកគេត្រូវបង្កើនផលិតកម្មដើម្បីឆ្លើយតបនឹងតម្រូវការថ្មី។ Dolva បានឱ្យដឹងថា៖ “ដំបូងឡើយ យើងគិតថានឹងមិនអាចផលិតអ្វីបន្ថែមទៀតនោះទេនៅក្នុងឆ្នាំ2020នេះ។ ប៉ុន្តែ ក្រោយមកអ្វីៗទាំងអស់ក៏បានដើរបញ្ច្រាស់ទិស ហើយយើងក៏ស្វែងរកវិធីដើម្បីបង្កើនការផលិត”។
ឧបករណ៍របស់ក្រុមហ៊ុន No Isolation បានជួយឱ្យអតិថិជនជាមនុស្សចាស់ តភ្ជាប់ទំនាក់ទំនងជាមួយនឹងញាតិក្នុងគ្រាដែលត្រូវសម្រាកនៅក្នុងផ្ទះ។ Dolva និយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលឃើញផលិតផលរបស់យើងមានប្រសិទ្ធភាព ព្រោះថាមានមនុស្សជាច្រើនកំពុងប្រើប្រាស់។ អតិថិជនវ័យចំណាស់នឹងទទួលបានរូបថតចំនួន17សន្លឹកក្នុងមួយសប្ដាហ៍។ សម្រាប់ពួកគេ វាប្រៀបដូចជាការទទួលបានរូបថតពីប្រៃសណីយ៍យ៉ាងដូច្នោះដែរ។
ចំណែក Calvin Benton ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Spill នៅអង់គ្លេសវិញ បានបង្កើតកម្មវិធី (App) មួយដែលអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនអាចផ្ដល់ប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តពីចម្ងាយ តាមរយៈកម្មវិធីផ្ញើសារ Slack។ នៅពេលដែលគ្រប់គ្នាត្រូវធ្វើការពីចម្ងាយ សេវាកម្មនេះកាន់តែមានសារសំខាន់។
“នៅក្នុងអំឡុង2ខែកន្លងទៅ អ្វីៗទាំងអស់ពិតជាច្របូកច្របល់។ យើងទទួលបានសំណួរស្ដីអំពី Spill ច្រើនជាងរយៈពេល2ឆ្នាំកន្លងទៅបូកចូលគ្នាទៅទៀត” Benton បានឱ្យដឹងបែបនេះ។ ក្រុមហ៊ុន Spill ត្រូវបានបង្កើតឡើងកាលពីឆ្នាំ2018។
តម្រូវការមិនត្រឹមតែមកពីបណ្ដាប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្មនោះទេ សូម្បីតែបុគ្គលធម្មតាដែលមានបញ្ហាការងារ ឬសុខភាពក៏ស្វែងរកសេវាកម្មរបស់ Spill ដែលនេះធ្វើឱ្យតួលេខនៃតម្រូវការសេវាកម្ម កើនឡើងច្រើនជាងពេលធម្មតាដល់ទៅ4ដង។
នេះក៏ជាដំណឹងល្អសម្រាប់ក្រុមគ្រូពេទ្យឯកទេសផ្នែកផ្លូវចិត្តផងដែរ។ គ្រូពេទ្យអាចប៉ះប៉ូវទៅលើខ្ទង់ប្រាក់ចំណូលដែលបានបាត់បង់ដោយសារមិនអាចណាត់ជួបអតិថិជនដោយផ្ទាល់។ Spill ក៏បានបង្កើតសេវាកម្មសាធារណៈ ដូចជា “សួរអ្នកឯកទេស” នៅលើ story របស់ Instagram រួមនឹងការប្រឹក្សាយោបល់ដោយោមិនគិតថ្លៃដើម្បីអនុញ្ញាតឱ្យក្រុមមនុស្សដែលត្រូវបានផ្អាកពីការងារបណ្ដោះអាសន្ន អាចជួយគ្នាទៅវិញទៅមក។
ក្រៅពីបញ្ហាទាក់ទិននឹងគម្លាត និងវិបត្តិផ្លូវចិត្ត បទបញ្ជារក្សាគម្លាតសង្គមក៏បានធ្វើឱ្យមនុស្សមានអារម្មណ៍តប់កមល ព្រួយចិត្ត និងឯកាផងដែរ។ នេះគឺជាមូលហេតុដែលនាំឱ្យ Danielle Baskin និងសហស្ថាបនិករបស់ខ្លួនបង្កើត QuarantineChat ដែលជាកម្មវិធីមួយ ជួយតភ្ជាប់ទំនាក់ទំនងរវាងមនុស្សចម្លែកនិងមនុស្សចម្លែក តាមរយៈការហៅទូរស័ព្ទបែបចៃដន្យជារៀងរាល់ថ្ងៃ។
Baskin និង Max Hawkins បានបង្កើតសេវាកម្មនេះកាលពីខែមីនា នៅលើថ្នាលនៃកម្មវិធីផ្ញើសារ Dialup របស់ពួកគេ នៅក្នុងគ្រាដែលសហរដ្ឋអាមេរិកចាប់ផ្ដើមអនុវត្តបម្រាមគោចរ។ ប៉ុន្តែ គំនិតនេះបានកើតឡើងតាំងពីយូរមកហើយ នៅពេលដែល Baskin ត្រូវនៅក្នុងផ្ទះព្រោះតែកើតជំងឺឆ្លងម្យ៉ាង។
Baskin និយាយថា៖ “ខ្ញុំគិតថា អូ! ពិតជាអស្ចារ្យណាស់បើសិនជាខ្លួនអាចតភ្ជាប់ទំនាក់ទំនងជាមួយអ្នកណាម្នាក់ដែលមានជំងឺដូចគ្នានេះនៅពេលនេះតែម្ដង។ ដូច្នេះ ពេលដែល COVID-19 បានបង្ហាញខ្លួន ខ្ញុំក៏បានធ្វើឱ្យគំនិតនេះក្លាយជាការពិត”។
កម្មវិធីនេះទទួលបានជោគជ័យខ្លាំងណាស់។ អ្នកប្រើប្រាស់បានប្រើ QuarantineChat ក្នុងការសន្ទនាជាង2,300ម៉ោងជារៀងរាល់សប្ដាហ៍នៅក្នុងប្រទេសចំនួន183ក្នុងពិភពលោក។ Baskin ថ្លែងថា៖ “យើងគិតថា នេះគ្រាន់តែជាវិធីមួយដើម្បីជួយឱ្យអ្នករាល់គ្នាបានសប្បាយ។ ប៉ុន្តែ ជាក់ស្ដែង អ្នកប្រើប្រាស់តែងនិយាយគ្នាលេងយ៉ាងយូរ ព្រមទាំងបានក្លាយជាមិត្តនឹងគ្នាទៀតផង”។
ការបង្កើតអាជីវកម្មនៅក្នុងវិបត្តិសុខភាពពិភពលោក គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ ក្រៅពីបញ្ហាហិរញ្ញវត្ថុ និងភាពសមហេតុផល កត្តាបរិស្ថាននៃអាជីវកម្មនិងតម្រូវការរបស់អតិថិជនក៏ជារឿងដែលពិបាកស្មានផងដែរ។
ប៉ុន្តែ Eric Ries ដែលជាអ្នកនិពន្ធរបស់សៀវភៅ The Lean Startup ដែលនិយាយអំពីអាជីវកម្ម បានឱ្យដឹងថា នេះអាចជាឱកាសដ៏ល្អ បើសិនជាអ្នកបានរកឃើញដំណោះស្រាយសម្រាប់បញ្ហាដែលគ្រប់គ្នាត្រូវប្រឈម។ លោកបន្តថា៖ “ភាគច្រើននៃក្រុមហ៊ុនធំៗដែលយើងធ្លាប់ដឹង គឺសុទ្ធសឹងតែត្រូវបានបង្កើតឡើងក្នុងគ្រាមានវិបត្តិ”។
យ៉ាងនេះក្ដី លោក Ries យល់ថា ក្រុមហ៊ុននានាគួរតែត្រូវបានបង្កើតឡើងជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ជំនួសឱ្យការដោះស្រាយតែបញ្ញាមួយនៅក្នុងគ្រាជាក់លាក់ណាមួយ។ Eric Ries សង្កត់ធ្ងន់ថា៖ “យើងនឹងមិនស្ថិតនៅក្នុងស្ថានភាពអាសន្នជានិច្ចនោះឡើយ។ ក្រុមហ៊ុនជាច្រើនធ្វើជំនួញបានយ៉ាងល្អនៅក្នុងគ្រាមានវិបត្តិ ប៉ុន្តែនៅពេលដែលអ្វីៗទាំងអស់បានវិលត្រលប់មករកសភាពធម្មតា ការរកស៊ីរបស់ពួកគេក៏ធ្លាក់ចុះទៅតាមនោះដែរ”៕
ប្រភព៖ CNBC