ភ្នំពេញៈ ក្រោយពីទទួលបានផលផ្លែផ្កាខ្លាំងនៅក្នុងវិស័យសិល្បៈ តារាកំប្លែងវ័យក្មេង និងចម្រៀងប្រចាំផលិតកម្មសាន់ដេ មានឈ្មោះពិត សុខ មេសា ហៅនាយ ចឺម សមាជិកនៃក្រុមកំប្លែង ប្រចាំទូរទស្សន៍ស៊ីធីអិន ថ្មីៗនេះក៏កើតគំនិតធ្វើអាជីវកម្មថ្មីក្រៅពីសិល្បៈ ដោយលេចឮដំណឹងថាដាក់ទុនរួមគ្នាជាមួយនឹងចាងហ្វាងកុនវ័យក្មេងគឺលោក ឈុន សុវណ្ណភក្តី ជាថៅកែផលិតកម្ម BKS Production។
តារាកំប្លែងមានដុងតាំងពីវ័យក្មេង ដែលបច្ចុប្បន្នវ័យ ២២ ឆ្នាំ មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺគឺជាក្មួយប្រុសបង្កើតជាតារាកំប្លែងដ៏ល្បីនាយ ក្រូច នោះ បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «មែនតាបង!ខ្ញុំ និងនាយក្តី [លោក ឈុន សុវណ្ណភក្តី ] ដែលបានរាប់អានគ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង មានគំនិតរួមគ្នាសហការបង្កើតការងាររកស៊ីមួយតាមអ្វីដែលរៀងខ្លួនមានតែប៉ុណ្ណោះ អាចបម្រើអតិថិជនបាន តែមិនមានការដាក់ទុកជាលុយកាក់ដូចជាជំនួញក្រុមហ៊ុនអ្វីនោះទេ។ គឺថា ខ្ញុំមានសេវាកម្មក្រុមតន្រ្តីផ្ទាល់ខ្លួនឈ្មោះក្រុមតន្រ្តីនាយចឺម ដែលអាចបម្រើសេវាកម្មជួលកម្សាន្តតាមកម្មពិធីមង្គលការ ជប់លៀង ឬកម្មវិធីអាហ្វែរនានាទាំងក្រុង និងខេត្តនានា។ ចំណែកលោក ភក្តី គាត់មានលក់គ្រឿងអេឡិចត្រូនិចទំនើបៗ និងសេវាកម្មម្ហូបអាហារ។ ពិសេសនោះ នាយក្តី គាត់មានផលិត Power Bank ដែលអាចសាកថ្មបានចំនួន ១០ ដងបាន មានតម្លៃគួរសមសម្រាប់អ្នកនិយមដើរកម្សាន្តទីឆ្ងាយ ហើយត្រូវការវាសម្រាប់សាកថ្មទូរសព្ទដៃ បានច្រើនលើកនោះផងដែរ។ ពួកយើងក៏បានចាប់ផ្តើមផ្សព្វផ្សាយសេវាកម្មនេះ នៅតាមទំព័រហ្វេសប៊ុក BKS Production បណ្តើរៗមកហើយដែរ»។
នាយ ចឺម ដែលគេឧស្សាហ៍ឃើញដូរស៊េរីរថយន្តទំនើបណាស់ដូចជាដូរចេញពីម៉ាក Lexus 300 មកជិះម៉ាក Hammer តម្លៃរាប់ម៉ឺនដុល្លារ បានធ្វើឲ្យមហាជន និងមិត្តអ្នកសិល្បៈបើកភ្នែកធំៗ និងធ្លាប់មានក្តីស្រមៃទិញផ្ទះវីឡាតម្លៃ២០ ម៉ឺន ដុល្លារ ទៀតផង។ តារាកំប្លែង នាយ ចឺម ក៏ធ្លាប់បង្ហើបប្រាប់ដែរថា៖ «បើតាមចិត្តចង់ទិញនោះ គឺជាផ្ទះវីឡា ដែលមានតម្លៃ ២០ ម៉ឺន ដុល្លារ។ តែពេលនេះ មិនទាន់មានប្រាក់គ្រប់គ្រាន់នៅឡើយ ហើយគ្រាន់តែជាក្តីស្រមៃចង់បានរបស់ខ្ញុំប៉ុណ្ណោះ»៕