សូមរំលែកទុក្ខក្រៀមក្រំ! ឪពុកអ្នកនាង ខាត់ សុឃីម មរណភាពហើយ

នៅពីព្រឹកថ្ងៃទី22 មិថុនា ឆ្នាំ2020 នៅលើហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះសារយ៉ាងក្ដុក្ដួល និងបានដាក់សញ្ញាកាន់ទុក្ខអមដោយពាក្យថា លារហូតហើយពុក ដែលឃើញហើយរន្ធត់ចិត្ត។ លោកតាខាត់ ឪពុករបស់អ្នកនាង ខាត់ សុឃីម និង ជាអ្នកភ្លេងបុរាណត្រកូលខាត់ បានទទួលមរណភាពហើយ ដោយលោកសម្រានស្លាប់ដូចសម្រានលក់ សូម្បីតែកូនចៅក៏មិនចាប់អារម្មណ៍។

យ៉ាងណាមិញ អ្នកនាង ខាត់ ស្រីវង ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះថា” ពុកអើយមិនទាន់បានជូនពរពុកផងពុកបានទៅចោលកូនដោយមិនបានលា ថ្ងៃបុណ្យឱពុកគឺជាថ្ងៃដែលកូនធ្វើបុណ្យឱ្យពុកទៅវិញ ពុកអើយអនុស្សារីយ៍ពួកយើងពិតជាច្រើនពេកហើយ សូមឱ្យពុកសំលាញ់ទៅឱ្យបានសុក លាហើយពុក”។ មរណភាព របស់ឪពុកអ្នកនាង គឺតែមួយថ្ងៃបន្ទាប់ពីទិវាររំលឹកគុណឪពុក និង បន្ទាប់ពីលោកទើបតែបានផ្ទះថ្មី ដែលជាការប្រឹងប្រែងរបស់កូនចៅ។ សូមជម្រាបបន្ថែមថា លោកពុកអ្នកនាង ខាត់ សុឃីម មិនមានដំណឹងថា មានជម្ងឺធ្វើទុក្ខធ្ងន់ធ្ងរពីមុនមកទេ ប៉ុន្តែនៅសុខៗ បែរជាទទួលមរណភាពសឹងមិនគួរឱ្យជឿ៕