មហាសេដ្ឋីឥណ្ឌា Mukesh Ambani គឺជាអ្នកតំណាងឱ្យទ្វីបអាស៊ីតែមួយគត់ដែលបានឡើងដល់ Top 10 នៃមហាសេដ្ឋីពិភពលោកនៅក្នុងបញ្ជីឈ្មោះ Bloomberg Billionaires Index។
ដោយមានទ្រព្យ64.5ពាន់លានដុល្លារ លោក Muskesh Ambini បានយកឈ្នះលើលោក Larry Ellison នៃក្រុមហ៊ុន Oracle និងលោកស្រី Francoise Bettencourt Meyers នៃប្រទេសបារាំង ហើយក្លាយជាអ្នកមានបំផុតលំដាប់ទី9ក្នុងពិភពលោក។ លោក Muskesh Ambbani កាន់កាប់ភាគហ៊ុនចំនួន42%នៅក្នុងក្រុងហ៊ុន Reliance Industries (ឥណ្ឌា)។ មូលបត្ររបស់ក្រុមហ៊ុននេះបានឡើងថ្លៃទ្វេដងរាប់ចាប់ពីខែមីនា2020។
បើទោះជាសេដ្ឋកិច្ចឥណ្ឌាកំពុងតែមានបញ្ហាដោយសារបម្រាមគោចរក្នុងការទប់ស្កាត់COVID-19 ប៉ុន្តែ “ក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់លោក Muskesh ពិសេសគឺក្រុមហ៊ុនទូរគមនាគមន៍ Jio នៅតែរកចំណូលបានច្រើន ដែលនេះបានជួយឱ្យទ្រព្យរបស់លោកកើនឡើងយ៉ាងលឿន” នេះបើតាមមតិរបស់ Jayati Ghosh ដែលជានាយកមជ្ឈមណ្ឌលផែនការនិងស្រាវជ្រាវសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Jawaharlal Nehru។
ទោះជាតម្លៃប្រេងបានដាំក្បាលចុះដែលនាំឱ្យការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Reliance ក្នុងវិស័យគីមីប្រេងជួបការលំបាកយ៉ាងណាក៏ដោយ នៅក្នុងរយៈពេល2ខែចុងក្រោយនេះ ក្រុមហ៊ុន Jio របស់ Reliance Industries នៅតែទទួលបានខ្ទង់វិនិយោគចំនួន15ពាន់លានដុល្លារពីក្រុមអ្នកជំនួញ។ ខ្ទង់ប្រាក់នេះគឺស្មើនឹងជាងពាក់កណ្ដាលនៃខ្ទង់វិនិយោគទៅលើបណ្ដាក្រុមហ៊ុនទូរគមនាគមន៍នៅទូទាំងសកលលោកសម្រាប់ឆ្នាំនេះ។ ក្រុមហ៊ុន Facebook, General Atlantic, Silver Lake Partners, KKR & Co. រួមនឹងខ្ទង់វិនិយោគជាតិរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក៏សុទ្ធតែបានទម្លាក់ខ្ទង់វិនិយោគទៅក្នុងក្រុមហ៊ុន Jio ដោយសង្ឃឹមថា នឹងទទួលបានផលចំណេញច្រើនពីទីផ្សារពាណិជ្ជកម្មអនឡាញដែលរីកចម្រើនខ្លាំងជាងគេមួយនៅក្នុងពិភពលោកនេះ។
របាយការណ៍ថ្មីមួយរបស់ Sanford C. Bernstein បានព្យាករថា ក្រុមហ៊ុន Jio នឹងកាន់កាប់48%នៃទីផ្សារទូរគមនាគមន៍ឥណ្ឌានៅឆ្នាំ2025។ មហិច្ឆតាក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រនិចរបស់មហាសេដ្ឋី Mukesh Ambani ថ្មីៗនេះក៏បានបង្ហាញកាន់តែច្បាស់ នៅពេល Reliance បោះជំហានទៅកាន់តែជិតទៅនឹងការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Future Group ដែលជាក្រុមហ៊ុនមួយកំពុងសហការជាមួយនឹងក្រុមហ៊ុន Amazon។
លោក Mukesh Ambani បានចូលរួមធ្វើការនៅក្នុងក្រុមហ៊ុនរបស់គ្រួសារគាត់តាំងពីដើមទសវត្សរ៍ទី80នៃសហស្សវត្សរ៍មុន។ Dhirubhai Ambani ដែលជាឪពុករបស់ Mukesh និងជាស្ថាបនិករបស់ក្រុមហ៊ុន Reliance បានហៅលោក Mukesh ឱ្យត្រលប់មកកាន់ប្រទេសឥណ្ឌាវិញដើម្បីជួយគ្រប់គ្រងការងារសាងសង់រោងចក្រផលិត polyester (Polyester គឺជាសរសៃដែលត្រូវបានបង្កើតឡើងពីធ្យូងថ្ម ខ្យល់ ទឹក និងប្រេង) របស់គ្រួសារនេះ។ លោក Mukesh Ambani កាលណោះទើបតែបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford បានមួយឆ្នាំ។ គ្រួសារត្រកូល Ambani បានទិញក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល រួមនឹងរោងចក្រគីមីប្រេង និងចម្រាញ់ប្រេងជាច្រើនដើម្បីបង្កើតបានជាក្រុមហ៊ុនខ្នាតធំក្នុងវិស័យថាមពល វាយនភណ្ឌ និងផលិតអំបោះ។
Dhirubhai Ambani បានទទួលមរណភាពកាលពីឆ្នាំ2002 ដោយមិនបានបន្សល់ទុកបណ្ដាំមរតកនោះឡើយ ដែលនេះបានធ្វើឱ្យកូនៗរបស់គាត់ គឺលោក Mukesh Ambani និង Anil Ambani មានជម្លោះដោយសារការដណ្ដើមទ្រព្យ។ ចុងក្រោយ ម្ដាយរបស់ពួកគេក៏បានចេញមកធ្វើអន្តរាគមន៍ ដោយចែកទ្រព្យជាពីរចំណែកស្មើគ្នា។ Mukesh ត្រូវគ្រប់គ្រងផ្នែកចម្រាញ់ប្រេង ផលិតគីមីប្រេង ឧស្ម័នប្រេង និងវាយនភណ្ឌ។ ចំណែក Anil គ្រប់គ្រងផ្នែកទូរគមនាគមន៍ កម្សាន្ត ថាមពលអគ្គិសនី និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យ។
ក្រោយមក ការធ្វើជំនួញរបស់ Anil បានជួបនឹងបញ្ហាច្រើន បណ្ដាលឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធនានាត្រូវធ្លាក់ទៅក្នុងវិបត្តិបំណុល និងក្ស័យធន។ ផ្ទុយទៅវិញ Mukesh កាន់តែទទួលបានជោគជ័យ និងបានលោតចូលប្រលូកក្នុងវិស័យទូរគមនាគមន៍ ពាណិជ្ជកម្មអេឡិចត្រូនិច ហើយក៏បានក្លាយជាមហាសេដ្ឋីលំដាប់ទីមួយនៅអាស៊ី៕
ប្រភព៖ Bloomberg