ក្រុមហ៊ុន សាំស៊ុង អេឡិចត្រូនិក កំពុងរៀបផែនការរើខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់បង្ហាញទិន្នន័យ មួយផ្នែកធំពីរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន មករោងចក្រនៅក្នុងប្រទេសវៀតណាមនៅឆ្នាំនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម។
សាំស៊ុងជាអ្នកវិនិយោគទុនធំបំផុតនៅក្នុងប្រទេសវៀតណាម មានតម្លៃវិនិយោគសរុបទាំងអស់ 17,000លានដុល្លារ។
វេបសាយសារព័ត៌មានអនឡាញរបស់រដ្ឋបាលវៀតណាមបានរាយការណ៍ថា “សាំស៊ុងសម្លឹងឃើញវៀតណាមជាច្រកទ្វារសំខាន់ ដែលបើកឆ្ពោះទៅកាន់ប្រទេសផ្សេងៗក្នុងភូមិភាគអាស៊ីភាគអាគ្នេយ៍ និងជាផ្នែកតភ្ជាប់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ការផ្លាស់ប្ដូរនេះ នឹងធ្វើឱ្យវៀតណាមក្លាយជាអ្នកផលិតផ្ទាំងអេក្រង់បង្ហាញទិន្នន័យសាំស៊ុងលំដាប់ជួរមុខគេរបស់ពិភពលោក”
ព័ត៌មាននៃការផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្មរបស់សាំស៊ុងនេះ កើតឡើងក្នុងខណៈដែលក្រុមហ៊ុនផ្សេងៗ កំពុងសម្លឹងរកមើលខ្សែចង្វាក់ផ្គត់ផ្គង់ដែលច្រើនសម្បូរបែបក្រៅពីប្រទេសចិន ក្រោយពីខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវបានជាប់គាំងយ៉ាងទូលំទូលាយទូទាំងពិភពលោក នៅពេលដែលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីកើតការឆ្លងរាលដាលលើកដំបូងនៅក្នុងប្រទេសចិនដែលជាមជ្ឈមណ្ឌលរោងចក្រផលិតកម្មរបស់ពិភពលោក។
ក្រុមហ៊ុនផ្នែកតិចណូឡូជីដ៏ធំសម្បើមរបស់កូរ៉េខាងត្បូងមួយនេះ មានខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់បង្ហាញទិន្នន័យ នៅក្នុងប្រទេសវៀតណាមស្រាប់ហើយ ដោយក្រុមហ៊ុននេះមានរោងចក្រចំនួន 6កន្លែងនៅវៀតណាម ព្រមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ 2កន្លែងទៀត។
សេចក្ដីរាយការណ៍របស់វេបសាយតឿយជែ បានបញ្ជាក់បន្ថែមថា ផ្ទាំងអេក្រង់បង្ហាញទិន្នន័យ នឹងត្រូវផលិតនៅឯ សាំស៊ុង អេឡិចត្រូនិក ខំផ្លេក នៅក្នុងទីក្រុងហូជីមិញ៕
ប្រភព៖ សារព័ត៌មានបរទេស