ក្រោយពីបង្ហាញនូវអារម្មណ៍រីករាយ និងមានមោទនភាពជាមួយរឿង «ហ្លួងព្រះស្ដេចកន» ហើយនោះ តារាសម្ដែងផ្នែកវាយតប់ សុខ ដែន ហាក់មានអារម្មណ៍សោកស្ដាយខណៈរូបលោកពុំបានបញ្ចេញក្បាច់គុនរបស់ខ្លួនដែលមានឱ្យអស់ពីសមត្ថភាព។
លោក សុខ ដែន បញ្ជាក់ថា ក្រោយពីបានទស្សនាឈុតឆាកខ្លីៗនៃរឿង « ហ្លួងព្រះស្ដេចកន» រួចមក លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំងក្នុងនាមលោកជាតារាសម្ដែងម្នាក់នៅក្នុងរឿងនោះដែរ។ លោកបន្ដថា នេះជារឿងរ៉ាវបែបប្រវត្ដិសាស្រ្ដដែលបានបង្ហាញពីឈុតឆាក និងយុទ្ធសាស្រ្ដនៃការធ្វើសឹករបស់ហ្លួងព្រះស្ដេចកនព្រមទាំងសកម្មភាពនៃការវាយ កាប់ចាក់គ្នា ដែលមើលទៅពិតជាអស្ចារ្យនៅក្នុងប្រវត្ដិសាស្រ្ដភាពយន្ដខ្មែរមែន។
តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «សម្រាប់អារម្មណ៍របស់ខ្ញុំពិតជាមានភាពស្ញប់ស្ញែងជាមួយស្នាដៃរបស់ឯកឧត្ដម ម៉ៅ អាយុទ្ធខ្លាំងណាស់ ព្រោះចាប់តាំងពីខ្ញុំចូលប្រឡូកក្នុងសិល្បៈសម្ដែងខ្ញុំពុំដែលបានទស្សនាភាពយន្ដខ្មែរណាមានគុណភាព និងការចំណាយយ៉ាងសន្ធឹកសន្ធាប់បែបនេះទេ ដូច្នេះហើយទើបខ្ញុំមានអារម្មណ៍សោកស្ដាយដែលខ្ញុំពុំមានឱកាសបញ្ចេញអស់ពីសមត្ថភាពនូវក្បាច់គុនដែលខ្ញុំចេះ»។
តួអង្គមិត្ដភក្ដិហ្លួងព្រះស្ដេចកនឈ្មោះ វៀង ប្រាប់ថា អ្វីដែលលោកលើកឡើង គឺសំដៅលើរឿងនេះបានប្រមូលផ្ដុំទៅដោយអ្នកមានចំណេះ ជំនាញខាងផ្នែកក្បាច់គុនជាច្រើនទើបធ្វើឱ្យឈុតឆាកវាយតប់មើលទៅអស្ចារ្យយ៉ាងខ្លាំងមិនចាញ់ភាពយន្ដបរទេសនោះទេ។ លោកបន្ដថា ការប្រមូលផ្ដុំអ្នកមានទេពកោសល្យដ៏ច្រើននេះហើយដែលជាហេតុធ្វើឱ្យតារាក្បាច់គុនម្នាក់ៗមានឱកាសបានបញ្ចេញសមត្ថភាពម្នាក់បន្ដិចៗប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលពួកគាត់បានបញ្ចេញ គឺពិតជាទេពកោសល្យពិសេសណាស់ ។
ដោយឡែកអ្នកស្រី ឌី សាវ៉េត តារាសម្ដែងល្បីឈ្មោះក្នុងទស្សវត្ស 60 និងជាតួអង្គម្ដាយរបស់ហ្លួងព្រះស្ដេចកន បានលើកឡើងថា ក្នុងមួយជីវិតដែលអ្នកស្រីបានប្រឡូកក្នុងអាជីពសិល្បៈទើបតែបានឃើញភាពយន្ដខ្មែរមួយរឿងនេះទេដែលមានភាពអស្ចារ្យ។ អ្នកស្រីបញ្ជាក់ថា៖ «នៅក្នុងចិត្ដរបស់ខ្ញុំបានគិតថា រឿង ‘’ហ្លួងព្រះស្ដេចកន“ ជារឿងហូលីវូដសម្រាប់ប្រជាជនខ្មែរ ព្រោះខ្ញុំទស្សនាឈុតឆាកនៃការធ្វើសឹកសង្រ្គាមនៅក្នុងរឿងនោះហើយ ហាក់មានអារម្មណ៍ថា ខ្ញុំកំពុងតែស្ថិតនៅក្នុងសម័យកាលនោះ»៕