ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ននេះ កំពុងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលសិស្សតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងការអប់រំពីចម្ងាយដើម្បីធ្វើយ៉ាងណាជំរុញឱ្យសិស្សគ្រប់ទិសទីនៅក្នុងប្រទេសទទួលបានការអប់រំ បើទោះបីជាមានឧបសគ្គខ្លះកើតចេញពីបញ្ហា Covid-19 ក៏ដោយ។
ក្រសួងអប់រំ បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ2019មក ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ថា ចក្ខុវិស័យដើម្បីឱ្យមានសេដ្ឋកិច្ចឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល។ ការអប់រំឌីជីថលក្នុងបរិបទឧស្សាហកម្ម 4.0 មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដោយសារផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។
ស្របតាមចក្ខុវិស័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងរៀបចំ មូលដ្ឋានមូលដ្ឋានគ្រឹះសម្រាប់ការអប់រំឌីជីថល ឱ្យឆ្លើយតបជាមួយយុគ្គសម័យបច្ចេកវិទ្យាតាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានសិក្សា និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្សដែលជាធនធានមនុស្សជំនាន់ថ្មី។
ក្រសួងអប់រំថា ការអប់រំបែបឌីជីថល ជាការប្រើប្រាស់ប្រកបដោយនវានុវត្តន៍នៃឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការរៀន ក៏ដូចជាគ្រប់គ្រងលើការបង្រៀន និងការរៀន។ ក្នុងន័យនេះ ការអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាប្រព័ន្ធនៃការអប់រំតាមបែបឌីជីថលមួយបែប ដែលមានមូលដ្ឋានចេញពីការអប់រំផ្លូវការ និងប្រើប្រាស់ធនធានអេឡិចត្រូនិកជាជំនួយ។ ការសិក្សាពីចម្ងាយ ជាវិធីសាស្ត្រមួយដែលសិស្សអាចទទួលបានការអប់រំ សម្រាប់អភិវឌ្ឍសម្បទាទាំង4 គឺពុទិ្ធសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា ដោយពុំចាំបាច់មានវត្តមាននៅសាលារៀន ឬជួបជាមួយគ្រួផ្ទាល់៕