ការប្រើលេខសម្ងាត់តែមួយ ត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់សម្រាប់ការពារគណនីសំខាន់ៗ ដូចជា គណនីធនាគារជាដើមឡើយ ដូច្នេះហើយទើបត្រូវមានប្រព័ន្ធការពារសុវត្ថិភាពតាមរយៈ two-factor authentications ដែលទាមទារឱ្យមានការបញ្ជាក់លេខសម្គាល់តាមរយៈលេខទូរស័ព្ទ ឬអ៊ីមែល បន្ថែមលើលេខសម្ងាត់ ទើបអាចចូលក្នុងគណនីបាន។
ប៉ុន្តែវិធីបញ្ជាក់នេះ ក៏នៅមានភាពចន្លោះប្រហោងក្នុងការការពារសុវត្ថិភាពដែរ ដោយជនអនាមិកអាចប្រើវិធីផ្សេងៗ ដើម្បីលួចទទួលបានលេខបញ្ជាក់ទាំងនោះ។
ដើម្បីការពារសុវត្ថិភាពឱ្យកាន់តែល្អ ក្រុមហ៊ុនមួយចំនួនបានបង្កើតកូនសោសុវត្ថិភាពដូចជា Titan Security Keys និង YubiKey 5Ci ជាដើម ដើម្បីចូលក្នុងគណនី។
ថ្មីៗនេះក្រុមហ៊ុន Google ដោយបានសហការជាមួយក្រុមហ៊ុន Apple ដោយបានកែសម្រួលការផ្ទៀងផ្ទាត់ 2ជំហាន (2-Step Verification) នេះ ឱ្យកាន់តែល្អជាមួយឧបករណ៍ប្រព័ន្ធ iOS ដោយអាចឱ្យអ្នកប្រើប្រាស់ iPhone និង iPad អាចបើកសោចូលប្រើគណនី Google តាមរយៈ USB/NFC security keys បាន ដើម្បីការពារសុវត្ថិភាពឯកសារសំខាន់ៗ ពីការលួចចូលយកពីដោយក្រុម Hacker ឬជនអនាមិក។
ជាមួយការកែសម្រួលនេះ អ្នកគ្រាន់តែដាក់កូនសោសុវត្ថិភាពដែលមានប្រព័ន្ធ NFC នៅជិត iPhone បន្ទាប់ពីបានបញ្ចូលឈ្មោះអ្នកប្រើ និងលេខសម្ងាត់រួចរាល់ ដើម្បីដោះលេខកូដសុវត្ថិភាពតែប៉ុណ្ណោះ។ សម្រាប់ iPad Pro លោកអ្នកអាចដោះលេខកូដតាមរយៈ USB-C បាន។ ការប្រើកូនសោសុវត្ថិភាពសម្រាប់ 2-Step Verification នេះ ត្រូវបានគេចាត់ទុកថា ជាវិធីការពារដ៏ខ្លាំងបំផុត ហើយដែលក្រុមហ៊ុន Google ទាមទារសម្រាប់ការប្រើជាមួយកម្មវិធីការពារកម្រិតខ្ពស់ (Advanced Protection Program)។
ដើម្បីប្រើប្រាស់មុខងារនេះជាមួយប្រព័ន្ធ NFC ឬ USB-C លោកអ្នកត្រូវមានទូរស័ព្ទ iPhone ឬ iPad ដែលមានប្រព័ន្ធដំណើរការ iOS ចាប់ពី 13.3 ឡើងទៅ និងមានកូនសោសុវត្ថិភាព USB/NFC។
សម្រាប់អ្នកប្រើប្រាស់ធម្មតាមួយចំនួនធំ មិនចាំបាច់ប្រើកូនសោសុវត្ថិភាពក៏បានដែរ ប៉ុន្តែត្រូវប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ដូចដែលនាយកដ្ឋានបានណែនាំរួចមកហើយ ដោយឡែកចំពោះអ្នកដែលប្រើប្រាស់ទាក់ទងទៅនឹងឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រព័ត៌មានវិទ្យា គួរតែប្រើកូនសោសុវត្ថិភាពនេះដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់ គឺជារឿងល្អប្រសើរបំផុត៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department