ថ្មីៗនេះតារាសម្ដែង អ៊ឹម ជីវ៉ា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដែងនូវអារម្មណ៍ហាក់មិនសប្បាយចិត្ដ ជាមួយការលើកឡើងតាមរយៈសារព័ត៌មានក្នុងស្រុកមួយដែលបានផ្សាយថា អ៊ឹម ជីវ៉ា ជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំមកហើយ។
ក្នុងសារនោះតារាសម្ដែង អ៊ឹម ជីវ៉ា បានសរសេរថា៖«បើអស់លោកសារព័ត៌មានមិនដឹងរឿងទេគួរតែCall មកសម្ភាសខ្ញុំសិន មុននឹងអស់លោកចុះផ្សាយព័ត៌មានពីខ្ញុំ! ធ្វើបែបនេះធ្វើឱ្យគេមើលងាយដល់ស្ថាប័នព័ត៌មានផ្សេងទៀតដែលគេល្អៗ…អស់លោកចុះផ្សាយនេះហាក់បីដូចជាចង់បំបាក់មុខមាត់ខ្ញុំមែនទេ??? សួរថា អស់លោកមានខលមកខ្ញុំមុនចុះផ្សាយអត់!? នេះឬវិជ្ជាជីវៈអ្នកសារព័ត៌មាន! ខ្ញុំមានលេខទូរស័ព្ទ មាន Facebook ម៉េចមិន Chat ឬ Call មកខ្ញុំ?? ធ្វើនេះចង់បានន័យថាម៉េច?!?»
ជួបជាមួយលោក អ៊ឹម ជីវ៉ា លោកប្រាប់ថា លោកមិនចង់ឱ្យមានរឿងវែងឆ្ងាយទេ គ្រាន់តែលោកឆ្ងល់ថា បើមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងរឿងឯកជនរបស់លោក ម៉េចក៏មិនខលមកសួរនាំឱ្យដឹងរឿងសិន មុននឹងចុះផ្សាយ?។ លោកបញ្ជាក់ថា៖«ខ្ញុំជាតារាសិល្បៈមែន តែខ្ញុំស្គាល់មនុស្សច្រើននៅក្នុងសង្គម ដល់គាត់សរសេរអ៊ីចឹង សួរថាខ្ញុំខ្មាស់គេទេ? ខ្ញុំមិនខ្វល់ថាគាត់សរសេរបែបណាទេ តែអ្នកអានឥឡូវគ្រាន់តែចំណងជើងច្បាស់ជាគិតថា អ៊ឹម ជីវ៉ាជិះរថយន្ដអត់បង់ពន្ធ»។
ដើមចមនៃរឿងនេះកើតឡើងដោយសារតែលោកអ៊ឹម ជីវ៉ា បានលក់រថយន្ដកាមរីឆ្លាមពណ៌ស្ករដែលលោកបានទិញប្រើប្រាស់តាំងពី11ឆ្នាំមុនឱ្យទៅតារាចម្រៀង សន វិជ្ជបុត្រ។ បន្ទាប់មកលោក សន វិជ្ជបុត្រ បានសរសរនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា ឈប់ហើយ! ទិញឡានពីម្ចាស់ឡានមិនបង់ពន្ធផ្លូវ ដល់យកទៅបង់បានដឹងថាពន្ធដារគុណសរុបឆ្នាំយកតែម្ដង បង់អស់1លាន 75ម៉ឺន5ពាន់ រៀល ងងឹតមុខឈឹង! លើសពីនេះលោកថែមទាំងបង្ហោះរូបភាពរថយន្ដ និងក្រដាសពន្ធទៀតផង។
ទោះជាយ៉ាងណាលោក អ៊ឹម ជីវ៉ា បានប្រាប់ថា រវាងលោក និង សន វិជ្ជបុត្រ គ្មានបញ្ហានឹងគ្នាទេ យើងទាំងពីរនៅតែជាមិត្ដរាប់អាននឹងគ្នា ដោយលោកចាត់ទុកថា រឿងដែលកើតឡើងគ្រាន់តែជាការយល់ច្រឡំគ្នាតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរលោកអ៊ឹម ជីវ៉ា បញ្ជាក់ថា៖ «ខ្ញុំទិញរថយន្ដមកជិះស្របច្បាប់ ហើយខ្ញុំបានបង់ពន្ធផ្លូវជារៀងរាល់ឆ្នាំ ប្រសិនបើខ្ញុំមិនបង់ខ្ញុំជិះរាប់ឆ្នាំ ពេលខ្ញុំជួបបញ្ហាម្ដងៗប៉ូលិសគាត់នឹងពិន័យខ្ញុំលើពន្ធផ្លូវមិនខាន។ ខ្ញុំគិតថា ប្រហែលជាមានបញ្ហាភាន់ច្រឡំអ្វីមួយហើយ»៕