បើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញថា Huawei ជាក្រុមហ៊ុនដែលកាន់កាប់ចំណែកទីផ្សារសកលបាន 21.4% ខណៈដែល Samsung កាន់កាប់ 18.1% ដូចនេះ Huawei បានក្លាយជាក្រុមហ៊ុនដែលអាចលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងលោក ប្រចាំខែមេសា ឆ្នាំ2020 ដោយអាចវ៉ាឈ្នះ Samsung បាន។
អនុប្រធានផ្នែកស្រាវជ្រាវនៃ Counterpoint Research បានលើកឡើងថា Huawei បានទទួលផលប្រយោជន៍ធំ ពីទីផ្សារប្រទេសចិន ដែលខ្លួនបានពង្រឹងម៉ាកយីហោរបស់ខ្លួន តាំងពីមានរឿងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិកមក។ ជាងនេះទៅទៀត ដោយសារតែទីផ្សារស្មាតហ្វូនចិន វិលត្រឡប់មករកស្ថានភាពដើមវិញ ទាំងតម្រូវការ និងការផ្គត់ផ្គង់នោះ ទើបធ្វើឱ្យចំនួនលក់របស់ Huawei មានការកើនឡើង។
ក្នុងរបាយការណ៍ ថែមទាំងមានបញ្ជាក់ផងដែរថា ទីផ្សារសំខាន់ៗ របស់ Samsung ដែលមានដូចជា ឥណ្ឌា អាមេរិកកណ្ដាល អាមេរិកឡាទីន និងផ្នែកខ្លះនៃតំបន់អឺរ៉ុប គឺសឹងតែធ្លាក់ដល់ចំណុចសូន្យនៅក្នុងខែមេសា។ តំបន់ទាំងនេះ គឺស្ថិតក្រោមការអនុវត្តគម្លាតសង្គម និងការបិទប្រទេស យ៉ាងតឹងរ៉ឹងនាខែមេសា ដែលធ្វើឱ្យចំនួនលក់ត្រកូល Galaxy S20 មានអត្រាទាប។
សរុបជារួម នៅខែមេសា មានស្មាតហ្វូនចំនួនជិត 70លានគ្រឿង បានបញ្ចេញលក់លើទីផ្សារសកល ដែលវាមានការធ្លាក់ចុះរហូតដល់ 41% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕