Thai Kim Sim មកពីក្រុមហ៊ុន Supermax Corp និង Lim Kuang Sia មកពីក្រុមហ៊ុន Kossan Rubber មានទ្រព្យលើសពី1ពាន់លានដុល្លារអាមេរិកគិតមកដល់ឆ្នាំនេះ ដោយសារពួកគេផលិតស្រោមដៃកៅស៊ូ។
ម៉ាឡេស៊ីដែលជាប្រទេសផលិតស្រោមដៃកៅស៊ូប្រមាណជា65% ក្នុងចំណោមស្រោមដៃកៅស៊ូសរុបដែលត្រូវបានផលិតនៅទូទាំងពិភពលោក បច្ចុប្បន្នមានមហាសេដ្ឋីយ៉ាងតិចចំនួន4រូបដែលស្ថិតក្នុងវិស័យនេះ។ ក្នុងនោះ មាន2រូបទើបតែបានក្លាយជាមហាសេដ្ឋីនៅក្នុងឆ្នាំ2020។ យោងតាម Bloomberg Billionaires Index អ្នកជំនួញ Thai Kim Sim មកពីក្រុមហ៊ុន Supermax Corp គឺជាឈ្មោះថ្មីបំផុតដែលទើបត្រូវបានកត់ត្រាក្នុងបញ្ជីនេះ (Bloomberg Billionaires Index) ជាមួយនឹងទ្រព្យសម្បត្តិបច្ចុប្បន្នឡើងដល់ខ្ទង់1ពាន់លានដុល្លារអាមេរិក។ លោក Thai Kim Sim បានក្លាយជាមហាសេដ្ឋីក៏ព្រោះតែតម្លៃមូលបត្ររបស់ក្រុមហ៊ុននេះបានកើនឡើងខ្ពស់ក្នុងខែមិថុនា។ ចំណែក Lim Kuang Sia មកពីក្រុមហ៊ុន Kossan Rubber ក៏ជាមហាសេដ្ឋីថ្មីនៅក្នុងឆ្នាំ2020នេះ ដោយមានទ្រព្យ 1.1ពាន់លានដុល្លារ។
តម្រូវការទូទាំងពិភពលោកបានកើនឡើងខ្ពស់ នាំឱ្យតម្លៃមូលបត្ររបស់បណ្ដាក្រុមហ៊ុនផលិតសម្ភារការពារសុខភាពក៏បានឡើងខ្ពស់ ជួយឱ្យប្រទេសម៉ាឡេស៊ីមានមហាសេដ្ឋីកាន់តែច្រើន។ Top Glove Corp ដែលជាក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូធំជាងគេបង្អស់ក្នុងពិភពលោក និងក្រុមហ៊ុន Hartalega Holdings រួមនឹងក្រុមហ៊ុន Kossan Rubber Industries សុទ្ធតែទទួលបានផលប្រយោជន៍ច្រើនពី COVID-19។ ប៉ុន្តែ ដោយមានកំណើនខ្ពស់ជាងមុនដល់ទៅ5ដង Supermax ឯណេះវិញទេទើបជាឈ្មោះដែលត្រូវបានគេចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំនេះ។
“ការពាក់ស្រោមដៃដើម្បីធ្វើការគ្រប់បែបសព្វយ៉ាង បានក្លាយជារឿងធម្មតាទៅហើយ មិនថានៅក្នុងវិស័យសុខាភិបាល ឬវិស័យលក់រាយ។ កំណើននៃការប្រើប្រាស់ស្រោមដៃកៅស៊ូ នឹងផ្ដល់ផលប្រយោជន៍ច្រើនក្នុងរយៈពេលវែងដល់បណ្ដាក្រុមហ៊ុនផលិតស្រោមដៃ” នេះបើតាម Walter Aw អ្នកវិភាគមកពីក្រុមហ៊ុន CGS-CIMB Research។ អ្នកវិភាគរូបនេះបន្តថា “Supermax គឺជាដំណើររឿងដែលគួរឱ្យចាប់អារម្មណ៍បំផុត ព្រោះថា ពួកគេធ្វើការផលិតស្រោមដៃដោយខ្លួនឯង ខណៈដែលក្រុមហ៊ុនដទៃ ភាគច្រើនគឺជាអ្នកផ្គត់ផ្គង់បន្ត”។
Thai Kim Sim និងភរិយា បានបង្កើត Supermax កាលពីឆ្នាំ1987 ដែលដំបូងឡើយ ពួកគេគ្រាន់តែរកស៊ីលក់ដូរស្រោមដៃប៉ុណ្ណោះ។ រហូតដល់ឆ្នាំ1989 ទើបពួកគេចាប់ផ្ដើមផលិត។ នេះគឺជាក្រុមហ៊ុនផលិតដំបូងគេដែលមានពាណិជ្ជសញ្ញាដោយឡែកដើម្បីគាំទ្រដល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បាននិងកំពុងនាំចេញស្រោមដៃកៅស៊ូទៅកាន់ប្រទេសជាង160 ដោយផ្គត់ផ្គង់ស្រោមដៃសុខាភិបាលបានប្រមាណជា12% នៃតម្រូវការសរុបនៅទូទាំងពិភពលោក។
លោក Thai និងគ្រួសាររបស់លោក កាន់កាប់ភាគហ៊ុន 38% នៅក្នុងក្រុមហ៊ុន Supermax។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានកើន24% (447លានរីងហ្គីត/104,461,262លានដុល្លារអាមេរិក) នៅក្នុងខែមីនាឆ្នាំ2020 ក្នុងនោះមួយភាគធំគឺបានមកពីឥទ្ធិពលរបស់ COVID-19។ ក្រុមហ៊ុននេះផលិតស្រោមដៃចំនួន24ពាន់លានស្រោមជារៀងរាល់ឆ្នាំ ហើយតាមគម្រោង ពួកគេនឹងផលិត44ពាន់លានស្រោមនៅក្នុងឆ្នាំ2024។ នៅក្នុងខែមិថុនានេះ Supermax បានទិញដីបន្ថែមទៀតដើម្បីពង្រីកទំហំនៃទីតាំងផលិត ក៏ដូចជាដើម្បីបង្កើនផលិតភាព។
តម្រូវការស្រោមដៃកៅស៊ូនៅទូទាំងពិភពលោក អាចកើន11% ឡើងដល់330ពាន់លានស្រោមនៅក្នុងឆ្នាំនេះ។ ផលិតផលចំនួន 2/3នៃតួលេខនេះនឹងអាចមកពីប្រទេសម៉ាឡេស៊ី។ នេះបើតាមសមាគមនៃក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូរបស់ម៉ាឡេស៊ី។
ម៉ាឡេស៊ីបានក្លាយជាប្រទេសនាំមុខគេក្នុងការផលិតស្រោមដៃកៅស៊ូតាំងពីទសវត្សរ៍ទី80នៃសហស្សវត្សមុន ដោយសារតែតម្រូវការកើនឡើងខ្ពស់ព្រោះជំងឺអេដស៍ (AIDS)។ ប្រាក់ចំណាយទៅកម្មករមានកម្រិតទាប ដើមកៅស៊ូច្រើន និងវិស័យឧស្សាហកម្មរ៉ែប្រេងធំ គឺជាមូលហេតុដែលបានជួយឱ្យបណ្ដាក្រុមហ៊ុននៅក្នុងប្រទេសនេះ មានភាពងាយស្រួលក្នុងការផលិតស្រោមដៃកៅស៊ូ។
ក្រៅពី Supermax មូលបត្ររបស់ Top Glove ដែលបានកើនឡើងច្រើនជាងមុន3ដងនៅក្នុងឆ្នាំនេះក៏បានជួយឱ្យទ្រព្យរបស់ស្ថាបនិក Lim Wee Chai ឡើងដល់2.5ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះក៏រកបានប្រាក់ចំណេញច្រើនជាងមុន4ដង ពោលគឺឡើងដល់ 348លានរីងហ្គីត (81លានដុល្លារ) ក្នុងរយៈពេលពីខែមីនាដល់ខែឧសភា2020។ ចំណែកប្រាក់ចំណូលសរុបក៏កើនឡើងខ្ពស់មិនធ្លាប់មានពីមុនមកផងដែរ។
មូលបត្ររបស់ Hartalega និង Kossan Rubber ក៏បានកើនឡើងទ្វេដងក្នុងឆ្នាំនេះ។ ស្ថាបនិក Hartalega Kuan Kam Hon និងគ្រួសារ បច្ចុប្បន្នមានទ្រព្យ 4.8ពាន់លានដុល្លារអាមេរិក។ ចំណែក Lim Kuang Sia មកពីក្រុមហ៊ុន Kossan Rubber ក៏មានទ្រព្យ 1.1ពាន់លានដុល្លារ៕
ប្រភព៖ Bloomberg