តើគួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ? ឡារ៉ែនជឿថា លោកឪពុកអ្នកម្តាយជាច្រើននាក់ប្រហែលជាមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថា បើចង់ឱ្យកូនតូចចាប់ផ្តើមរៀនប្រើប្រាស់បន្ទប់ទឹកដោយខ្លួនឯងនោះ តើគួរចាប់ផ្តើមនៅពេលកូនតូចស្ថិតក្នុងអំឡុងអាយុប៉ុន្មានទើបស័ក្តិសម?។
តាមរយៈព័ត៌មានដែលឡារ៉ែនស្រាវជ្រាវមកបាននោះគឺ “ភាពត្រៀមខ្លួនរួចជាស្រេចរបស់ក្មេងម្នាក់ៗមិនដូចគ្នាទេ” ទោះជាក្មេងៗទាំងនោះមានភេទ និងស្ថិតក្នុងវ័យដូចគ្នាក៏ដោយ ក៏ភាពត្រៀមខ្លួនរួចជាស្រេច ខុសពីគ្នាដែរ។ បើដូច្នោះ តើធ្វើម៉េចទើបលោកឪពុកអ្នកម្តាយអាចដឹងបានទៅថា កូនតូចរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការរៀនបន្ទោបង់ហើយ?។
ដំបូងបង្អស់លោកឪពុកអ្នកម្តាយត្រូវសង្កេតមើលថា តើកូនតូចមានបង្ហាញសញ្ញាក្នុងការត្រៀមខ្លួនរួចជាស្រេចហើយឬនៅ? សញ្ញាដែលថានេះគឺ សញ្ញានៃការត្រៀមខ្លួនរួចហើយក្នុងការឈប់ប្រើក្រណាត់កន្ទប ឬខោទឹកនោម។ ជាប្រក្រតី ក្មេងៗភាគច្រើនអាចចាប់ផ្តើមរៀនចូលបន្ទប់ទឹកបានក្នុងអំឡុងអាយុពី 18 – 24 ខែ តែក្មេងខ្លះអាចមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចនេះមុន ឬក្រោយអំឡុងអាយុខាងដើមនេះក៏អាចថាបានដែរ។
តើមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចអ្វីខ្លះដែលលោកឪពុកអ្នកម្តាយគួរដឹងថា មានសញ្ញាអ្វី និងយ៉ាងណាខ្លះនោះ សូមអានអត្ថបទនេះជាបន្ត។
– កូនតូចអាចធ្វើតាម ឬប្រតិបត្តិខ្លួនតាមពាក្យណែនាំ និងអាចធ្វើតាមបញ្ជាស្រួលៗបាន និងនៅត្រូវយល់ដឹងថា ប៉ាម៉ាក់និយាយពីអ្វី ដូចជា ប្រាប់ឱ្យក្រោក អង្គុយ ដើរ ឈរ ដោះខោ ចាបយករបស់អ្វីម្យ៉ាងបានដោយខ្លួនឯង ជាដើម ។ល។
– កូនតូចត្រូវតែយល់ពីពាក្យងាយៗស្រួលៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹក ដូចជា នោម ឬជុះ ឬក៏ការបបួលគ្នាទៅចូលបន្ទប់ទឹកជាដើម។
– កូនតូចអាចទ្រាំទប់អាការឈឺនោមបាន ដោយអាចសង្កេតបានតាមរយៈក្រណាត់កន្ទប ឬខោទឹកនោមដែលកូនស្លៀកនោះនៅស្ងួតរហូតរយៈពេល 2 ម៉ោង ឬយូរជាងនោះ។
– កូនតូចត្រូវតែអាចប្រាប់ពីតម្រូវការឱ្យឪពុកម្តាយដឹង និងយល់បាន ដូចជា កូនអាចប្រាប់ថា ឈឺពោះបត់ជើងធំ ឬបត់ជើងតូចបាន ឬមានការធ្វើទឹកមុខ ឬសម្តែងអកប្បកិរិយាថាចង់ចូលបន្ទប់ជាដើម។
– កូនតូចល្មមអាចជួយខ្លួនឯងបានហើយ ដូចជា អាចដើរទៅបន្ទប់ទឹកបានដោយខ្លួនឯង អាចចេះដោះ – ស្លៀកខោ ឬទាញក្រណាត់កន្ទប ឬខោទឹកនោមចេញពីខ្លួនបាន។
– សញ្ញានៃភាពត្រៀមខ្លួនរួចហើយដែលកូនតូចបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បន្ទប់ទឹក ដូចជា កូនតូចអាចអង្គុយលើបង្គន់បត់ជើង – ក្រោកចេញវិញ ឬចុចទឹកសម្អាតបាន ឬការដែលឃើញកូនតូចព្យាយាមលេងធ្វើត្រាប់ការប្រើប្រាស់បន្ទប់ទឹកជាដើម។
នៅពេលមើលឃើញសញ្ញានៃភាពត្រៀមខ្លួនរួចហើយទាំងនេះ លោកឪពុកអ្នកម្តាយអាចចាប់ផ្តើមបង្រៀនបានហើយ ដោយ បង្រៀនបែបសន្សឹមៗ កុំបង្ខំ។ ក្នុងអំឡុងពេលបង្ហាត់នេះ បើកូនតូចមិនព្រមប្រតិបត្តិតាម ក៏កុំទៅថាឱ្យ ឬបន្ទោសកូនដោយក្តីខឹងមួម៉ៅឱ្យសោះ និងអ្វីដែលសំខាន់នោះ គឺលោកឪពុកអ្នកម្តាយមិនគួរបង្ខំកូនឱ្យចូលបន្ទប់ទឹកដោយខ្លួនឯងនោះឡើយ៕