បច្ចុប្បន្នយើងសង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានទទួលការហៅចូលទូរស័ព្ទ ពីក្រៅប្រទេស ដូចជា ប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬ ប្រទេសរុស្ស៊ីជាដើម។
ទន្ទឹមនឹងនេះ ពលរដ្ឋហាក់មានចម្ងល់អំពីបញ្ហា Missed Call និងមានសំណួរមួយចំនួន ដូចខាងក្រោម៖ តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃរបស់យើង? តើអ្នកដែលកំពុងធ្វើការហៅចូលមកនេះ ពួកគេមានបំណងអ្វីពិតប្រាកដ? តើការហៅចូលទូរស័ព្ទនេះ ជាការឆបោក ឬអាចជាការព្យាយាមហ៊ែកគណនី?
ដើម្បីស្រាយចម្ងល់ខាងលើ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម៖
ការហៅចូលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា “Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam”។
Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។
ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ធ្វើការខលចេញពីក្រៅប្រទេស ទៅលើគោលដៅនានាជុំវិញពិភពលោក គោលដៅទាំងនោះ ក៏រួមទាំងពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
តើអ្នកអាចបាត់បង់ប្រាក់ពីគណនីទូរស័ព្ទដោយរបៀបណា? ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬប្រទេសរុស្ស៊ី (+7) ជាដើម។ បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការហៅចូល ដែលនឹងបង្ហាញពាក្យថា Missed Call នៅលើទូរស័ព្ទជនរងគ្រោះ។ នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវា គឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។ ក្រុមឧក្រិដ្ឋជន នឹងទទួលបានប្រាក់កម្រៃជើងសា (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។
តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam) នៅពេលទទួលបានការហៅចូលទូរស័ព្ទពីក្រៅប្រទេស ប្រើប្រាស់នូវលេខទូរស័ព្ទដែលអ្នកពុំធ្លាប់ស្គាល់?
*សូមតាមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
-ធ្វើការ Save លេខទូរស័ព្ទទុកនឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។
-ត្រូវចៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។
ចូរប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ ដូចជាកម្មវិធី TrueCaller ជាដើម។ ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។ ធ្វើការ Block លេខទូរស័ព្ទសង្ស័យចោល ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ