ភាពចន្លោះប្រហោងរបស់កម្មវិធី Messenger សម្រាប់ Windows អាចឱ្យជនអនាមិកវាយប្រហារកុំព្យូទ័រជាមួយមេរោគ malware កម្មវិធី Messenger ដែលជាកម្មវិធីផ្ញើសារ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកប្រើប្រាស់ប្រមាណ ១.៣ពាន់លាននាក់ជុំវិញពិភពលោកនោះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញនូវ ភាពចន្លោះប្រហោងខ្លះៗរបស់កម្មវិធីនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចឱ្យជនអនាមិកងាយស្រួលក្នុងការវាយប្រហារជាមួយមេរោគ malware។ នេះបើតាមការផ្សព្វផ្សាយរបស់ Reason Labs។
កំហុសឆ្គងនេះ ត្រូវបានគេរកឃើញនៅក្នុងកម្មវិធី Messenger ជំនាន់ 460.16 ដែលកើតឡើងនៅពេលកម្មវិធីនេះធ្វើការទាក់ទងជាមួយ Windows Powershell ទៅក្នុង Python directory។ ដូច្នេះប្រសិនបើលោកអ្នកពុំដែលបញ្ចូលកម្មវិធី Python កុំព្យូទ័រលោកអ្នកនឹងពុំមាន directory នេះទេ។
អ្វីដែលគួរឱ្យព្រួយបារម្ភជាមួយការវាយប្រហារនេះគឺ ជនអនាមិកអាចបន្តការវាយលុកបានយូរ ដោយសារការជ្រៀតចូលនេះទាក់ទងនឹង directory មិនសូវសំខាន់ដែលមិនទាមទារឱ្យបញ្ចូលលេខសម្ងាត់របស់អ្នកគ្រប់គ្រងកុំព្យូទ័រនោះទេ។
Reason Labs បានជូនដំណឹងទៅក្រុមហ៊ុនហ្វេសប៊ុកទាក់ទងនឹងកំហុសឆ្គងនេះកាលពីខែមេសាកន្លងទៅ ហើយក្រុមហ៊ុនក៏បានធ្វើការកែសម្រួលរួចហើយដែរ។ ជាងនេះទៅទៀត Reason Labs ក៏បានធ្វើការសាកល្បងជាថ្មីជាមួយ Messenger ជំនាន់ 480.5 ហើយបានបញ្ជាក់ថា ពុំឃើញមានកំហុសឆ្គងនេះទៀតទេ។
ដូច្នេះ ប្រសិនបើបងប្អូនប្រើកម្មវិធី Messenger ជាមួយកុំព្យូទ័រ Windows ហើយពុំបានធ្វើបច្ចុប្បន្នភាព ក្នុងរយៈពេលប្រមាណ 2ខែចុងក្រោយនេះ លោកអ្នកគួរធ្វើបច្ចុប្បន្នភាពកម្មវិធីតាមរយៈ Microsoft store ដើម្បីចៀសវាងពីការវាយប្រហារនេះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department