នៅក្នុងការរស់នៅរបស់មនុស្សយើងម្នាក់ៗ យើងចាំបាច់ត្រូវតែមានការអភិវឌ្ឍជាប់ជាប្រចាំ តែពេលខ្លះមនុស្សដែលតែងតែខិតខំរៀនសូត្រមិនប្រាកដថាទទួលជោគជ័យក្នុងជីវិតនោះទេ។ បញ្ហានេះបណ្តាលមកពីពួកគេមានផ្នត់គំនិត (paradigm) មិនត្រឹមត្រូវ។
លោក Steven Covey អ្នកនិពន្ធសៀវភៅទម្លាប់ល្អទាំង7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ បានលើកឡើងថា ចំណុចដែលកំណត់វាសនារបស់មនុស្សសំខាន់បំផុតគឺផ្នត់គំនិត ព្រោះវាជាចំណុចចាប់ផ្តើមដ៏សំខាន់ដែលនាំឱ្យមានសកម្មភាពកើតឡើង។ មនុស្សរីកចម្រើន ឬមិនរីកចម្រើនគឺអាស្រ័យលើផ្នត់គំនិតនេះឯង ប្រសិនបើផ្នត់គំនិតមិនល្អ មានន័យថាគាត់ចាប់ផ្តើមពីចំណុចមិនល្អ ហើយបង្កើតសកម្មភាពមិនល្អដែលធ្វើឱ្យគាត់ក្លាយជាមនុស្សមិនរីកចម្រើន។
អ្នកជំនាញអភិវឌ្ឍមនុស្សខាងលើបានលើកឡើងផងដែរថា ចំនុចសំខាន់ក្នុងការអភិវឌ្ឍផ្នត់គំនិតឱ្យបានត្រឹមត្រូវគឺបណ្តុះភាពជាម្ចាស់ការ (proactive) មានន័យថាយើងត្រូវតែជាមនុស្សដែលចេះមើលលើគ្រប់រឿងរ៉ាវក្នុងជីវិតឱ្យបានច្បាស់លាស់ មិនមែនធ្វើតាមអារម្មណ៍នោះទេ។ ហើយបន្ថែមពីលើនេះទៀត យើងត្រូវតែជាមនុស្សឯករាជ្យ ដែលមានគំនិតស៊ីជម្រៅពីខាងក្នុង មិនឆាប់ខឹង ឆាប់ជឿ ឬឆាប់ប្រតិកម្មតបទៅនឹងរឿងរ៉ាវណាមួយដែលកើតឡើងចំពោះមុខ។ ភាគច្រើនមនុស្សដែលមានផ្នត់គំនិតស៊ីជម្រៅ គេតែងប្រមូលហេតុផលឱ្យបានច្បាស់លាស់បំផុតមុននឹងសម្រេចចិត្ត ឬបញ្ចេញសកម្មភាពណាមួយក្នុងជីវិត៕