ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹង UNICEF បានចេញផ្សាយនូវរឿងនិទានថ្មីមួយដែលមានឈ្មោះថា «តីតី និទានរឿង» ដើម្បីលើកកម្ពស់អក្ខរកម្ម និងលើកទឹកចិត្តកុមារឱ្យអាន។
កម្មវិធីនិទានរឿងថ្មីនេះ នឹងផ្តល់នូវក្តីសង្ឃឹម និងក្តីរីករាយដល់កុមារ និងក្រុមគ្រួសារក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ Covid-19 ដែលកុមារត្រូវសិក្សាតាមផ្ទះ។
កម្មវិធីនេះជាខ្សែវីដេអូថតទុកជាមុនមានចំនួន 12វគ្គ ត្រូវបានផលិតឡើងដើម្បីអប់រំ និងផ្តល់ការកំសាន្តដល់កុមារ និងគ្រួសារ។ នៅវគ្គនីមួយៗក៏មានបញ្ចូលនូវកម្មវិធីសំណួរ-ចម្លើយជាមួយអ្នករៀបចំកម្មវិធីរបស់ unicef ដែលទស្សនិកជនអាចសួរសំណួរទាក់ទង នឹងការការពារខ្លួន និងវិធានការបង្ការពីជំងឺ Covid-19។ កម្មវិធីនេះនឹងមានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក2 ទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច និងយូនីសេហ្វ។
រឿងនិទានត្រូវបានអានដោយតួអង្គកំប្លុកកំប្លែងពីររូប និងដកស្រង់ចេញពីសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា ដែលជាអង្គការជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងUNICEF ដែលបាននិងកំពុងផលិតនូវសៀវភៅអប់រំល្អៗសម្រាប់កុមារកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពអំណាន និងចំណេះដឹងរបស់ពួកគេ៕