នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញរបាយការណ៍ព្យាករណ៍សដ្ឋកិច្ច ដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ 2020 ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមាន 1.9% (-1.9%) ដែលមិនធ្លាប់មានពីមុនមក ខណៈតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2020 បានគ្រោងទុកថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបាន 6.5%។
បញ្ហាទាំងអស់នេះកើតឡើងដោយសារតែវិបត្តិនៃការរីករាលដាលជំងឺ Covid-19 ដែលធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានឱ្យសេដ្ឋកិច្ចប្រទេសជាច្រើន ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក៏ធ្លាក់ចុះដូចគ្នាដែរ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានព្យាករណ៍ថានៅឆ្នាំ 2021ខាងមុខនេះ កំណើនសេដ្ឋកិច្ចអាចកើនឡើងវិញក្នុងអត្រា 3.5%។ ការព្យាករណ៍នេះរំពឹងទុកថាកំណើនសេដ្ឋកិច្ចនៅឆ្នាំ2021 អាចគាំទ្រកំណើនដោយវិស័យកសិកម្ម 1.6% ខណៈឧស្សាហកម្មអាចមានកំណើន 4.1% ដោយក្នុងនោះអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ស្ថិតក្នុងកម្រិតទាប តែអាចមានកំណើនល្អក្នុងវិស័យកម្មន្តសាល និងវិស័យផ្សេងៗទៀត។ ចំណែកឯវិស័យសេវាកម្មវិញ រាជរដ្ឋាភិបាលព្យាករណ៍ថាអាចនឹងមានកំណើន 3.6% ដែលចំណូលពីវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកអាចការកើនឡើងតែស្ថិតក្នុងសភាពយឺតយ៉ាវ៕