អង្គការ UNESCO តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នឹងរៀបចំការប្រកួតប្រជែងពានរង្វាន់កម្មវិធីអក្ខរកម្មអន្តរជាតិឆ្នាំ 2020 លើប្រធានបទ “teaching and learning literacy: The role of educators and changing pedagogies”។
អ្នកដែលមានសិទ្ធចូលរួមក្នុងកម្មវិធីនេះបានរួមមានស្ថាប័នរដ្ឋា អង្គការសង្គមស៊ីវិល និងបុគ្គលដែលធ្វើកសកម្មភាពចូលរួមលើកកម្ពស់កម្មវិធីអក្ខរកម្មតាមរយៈគម្រោង ឬកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ កម្មវិធី ឬគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានកំណត់ត្រាបញ្ជាក់ពីការងារដោយភាពច្នៃប្រឌិតក្នុងវិស័យអក្ខរកម្មយ៉ាងតិច3ឆ្នាំ ពីក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ឯកជន និងសង្គមស៊ីវិល ដោយកម្មវិធី ឬគម្រោងនោះមិនធ្លាប់បានទទួលរង្វាន់អក្ខរកម្មអន្តរជាតិរបស់ UNESCO ក្នុងរយៈពេល 5ឆ្នាំកន្លងមក។
ដើម្បីដាក់ពាក្យសុំ និងធ្វើលិខិតឧទ្ទេសនាមបេក្ខភាពចូលរួម ដំណាក់កាលទី1 ចំពោះអ្នកដាក់ពាក្យអាចសុំបំពេញ និងបញ្ជូនពាក្យតាមរយៈគណកម្មការជាតិ UNESCO ឬអង្គការក្រៅរដ្ឋាភិបាលអន្តជាតិដែលមានទំនាក់ទំនងផ្លូវការជាមួយនឹង UNESCO។
ដំណាក់កាលទី2 គណៈកម្មការ UNESCO ដែលពាក់ព័ន្ធ ឬអង្គការអន្តរជាតិធ្វើការពិនិត្យ និងធ្វើលិខិតឧទ្ទេសនាមបេក្ខជនដែលជាប់ជាជម្រើសទៅទីស្នាក់ការកណ្តាល UNESCO ទីក្រុងប៉ារីស សម្រាប់ធ្វើការពិនិត្យ និងសម្រេចចុងក្រោយ៕