ម៉ូដែលតាក់ស៊ីហោះ CityHawk របស់អ៊ីស្រាអែល ដំណើរការដោយអាគុយអ៊ីដ្រូសែន អាចដឹកមនុស្សបាន6នាក់ និងផ្ដល់សេវាកម្មដល់មាត់ទ្វារផ្ទះរបស់អតិថិជន។
ក្រុមហ៊ុនផលិតតាក់ស៊ីហោះនិងចុះចតត្រង់ Urban Aeronautics របស់ប្រទេសអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន HyPoint ដើម្បីអភិវឌ្ឍកំណែថ្មីដែលហោះហើរបានឆ្ងាយនិងប្រើប្រាស់អាគុយអ៊ីដ្រូសែនមិនមែនឧស្ម័នរបស់ម៉ូដែលយន្តហោះ CityHawk ដោយយោងទៅតាមយន្តហោះ Cormorant/AirMule របស់កងទ័ព។
ប្រភេទអាគុយរបស់ HyPoint ជួយបង្កើនថាមពលនិងអាយុកាលរបស់អាគុយបុរាណ បង្កើតបានជាឧបករណ៍ផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏ស្រាលដើម្បីប្រើប្រាប់ក្នុងវិស័យអាកាសចរណ៍។ អ៊ីដ្រូសែនកំពុងក្លាយជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយក្នុងទីផ្សារអាកាសចរណ៍ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានកម្រិតថាមពលខ្ពស់ជាងច្រើនបើធៀបជាមួយនឹងថ្ម ឬអាគុយប្រភេទ lithium ព្រមទាំងបញ្ចូលថាមពលបានយ៉ាងឆាប់រហ័សទៀតផង។
គ្រោងរបស់ម៉ូដែល CityHawk មិនដូចទៅនឹងរូបរាងនៃឧបករណ៍ណាមួយនៅក្នុងទីផ្សារតាក់ស៊ីហោះហើរឡើងនិងចុះចតត្រង់ (VTOL) ដែលដំណើរការដោយអគ្គិសនីនាបច្ចុប្បន្ន។ រថយន្តតាក់ស៊ីហោះ CityHawk នេះ មិនមានស្លាបនោះទេ ហើយវាមានទំហំប្រហាក់ប្រហែលនឹងរថយន្ត SUV ប្រភេទធំ និងត្រូវបានបំពាក់កង្ហារធំៗចំនួន2។
យោងតាម Urban Aeronautics តាកស៊ីហោះ CityHawk នេះអាចដឹកមនុស្សបាន6នាក់ និងងាយស្រួលហោះឡើងឬចុះចតនៅលើផ្លូវក្នុងក្រុង ដែលអនុញ្ញាតឱ្យផ្ដល់សេវាកម្មដឹកមនុស្សដល់មាត់ទ្វារ។។ Urban Aeronautics មិនទាន់បានបង្ហើបឱ្យដឹងអំពីកាលបរិច្ឆេទនៃការហោះហើរសាកល្បងនៅឡើយ ប៉ុន្តែបើសិនជាម៉ូដែលខាងលើនេះទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល CityHawk នឹងត្រូវបានផលិតយ៉ាងឆាប់រហ័សនាពេលខាងមុខ។
ទាក់ទងនឹងវិស័យតាក់ស៊ីហោះនេះដែរ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិន EHang បានប្រកាសឱ្យដឹងថា ពួកគេបានហោះហើរសាកល្បង drone តាក់ស៊ីខ្នាតធំអាចដឹកអ្នកដំណើរដោយស្វ័យប្រវត្ត ដែលដំណើរការដោយអគ្គិសនីដំបូងគេបង្អស់ក្នុងពិភពលោក។ ម៉ូដែលតាក់ស៊ីហោះគ្មានមនុស្សបើក EHang 216 របស់ក្រុមហ៊ុនបច្ចេកវិទ្យា EHang នៅក្នុងខេត្តក្វាងចូវ ប្រទេសចិន បំពាក់ម៉ាស៊ីនរុញច្រានចំនួន16 អាចដឹកទំនិញទម្ងន់150គីឡូក្រាមនៅក្នុងជើងហោះហើរនីមួយៗ ហើយអាចហោះហើរទៅដល់តំបន់ដាច់ស្រយាល និងតំបន់ភ្នំទៀតផង៕
អត្ថបទទាក់ទង>Drone តាក់ស៊ីហោះរបស់ចិនចាប់ផ្ដើមដំណើរការដឹកទំនិញហើយ
ប្រភព៖ New Atlas