សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើមហាសន្និបាតប្រចាំឆ្នាំ2020 របស់ខ្លួន កាលពីព្រឹកថ្ងៃច័ន្ទទី8 ខែមិថុនា ឆ្នាំ2020 កន្លងទៅនេះ ដើម្បីបូកសរុបការងារក្នុងឆ្នាំ2020 និងផ្សព្វផ្សាយគម្រោងការងាររបស់សហព័ន្ធក្នុងឆ្នាំ2021 ខាងមុខ ដោយមានវត្តមានរបស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមការងាររបស់សហព័ន្ធ តំណាងបណ្តាក្លិបបាល់ទាត់អាជីពទាំងអស់ និងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័ន។
នៅក្នុងអង្គសន្និបាត ឯកឧត្ដមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា បញ្ហាគុណភាពកីឡាករ គឺជាបញ្ហាចម្បង ដែលឯកឧត្ដមបានចាត់ទុកថា ជាឧបសគ្គក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ2023។ ដោយសារមូលហេតុនេះ ឯកឧត្ដមបានបង្ហើបឱ្យអង្គសន្និបាតបានដឹង អំពីគម្រោងថ្មីមួយ គឺការបង្កើតក្រុមបាល់ទាត់ថ្មីមួយ ដែលជារបស់សហព័ន្ធតែម្តង ហើយប្រមូលយកកីឡាករវ័យក្មេងដែលមានសមត្ថភាពខ្លាំង ពីបណ្តាក្លិបទាំងអស់ មកប្រមូលផ្តុំហ្វឹកហាត់ និងស្នាក់នៅរួមគ្នា ហើយបញ្ចូលក្រុមមួយនេះឱ្យលេងប្រជែងនៅក្នុងក្របខ័ណ្ឌលីកកំពូលកម្ពុជា ចាប់ពីរដូវកាលក្រោយតទៅ។
គួររំឭកដែរថា កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ2023 ហើយបានដាក់គោលដៅ ត្រូវតែដណ្តើមមេដាយក្នុងវិញ្ញាសាបាល់ទាត់បុរសឱ្យបាន ក្នុងនាមជាក្រុមម្ចាស់ផ្ទះ៕