ស្ត្រីអវកាសយានិករបស់អង្គការ NASA ម្នាក់ឈ្មោះ Kathy Sullivan បានបង្កើតប្រវត្តិសាស្ត្រកាលពីចុងសប្ដាហ៍ ដោយក្លាយជាស្ត្រីដំបូងគេដែលបានទៅដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រ ដែលមានជម្រៅប្រហែល ១១.៣គីឡូម៉ែត្រ។
លោកស្រី Kathy Sullivan បានកត់សម្គាល់ឱកាសដ៏វិសេសនេះដោយបានខលទូរស័ព្ទពីនាវាមុជទឹក DSSV Pressure Drop ដើម្បីនិយាយជាមួយអវកាសយានិករបស់អង្គការណាសា នៅឯស្ថានីយអវកាសអន្តរជាតិ (ISS)។
លោកស្រី Sullivan និយាយថា ៖ “ក្នុងនាមជាអ្នកសិក្សាមហាសមុទ្រផង និងជាអវកាសយានិកផង នេះជាថ្ងៃដ៏អស្ចារ្យ ដែលមានតែម្តងគត់ក្នុងមួយជីវិត ដែលបានឃើញផ្ទាំងទស្សនីយភាពទឹកជ្រៅបំផុតហៅថា Challenger Deep ហើយបន្ទាប់មកបានខលទូរស័ព្ទរវាង ISS និងនាវា DSSV Pressure Drop”
ក្នុងឆ្នាំ1983 លោកស្រីបណ្ឌិត ដែលជាជើងចាស់នៃការហោះហើរលើយានអវកាសចំនួន3 បានក្លាយជាស្ត្រីជនជាតិអាមេរិកដំបូងគេដែលបានដើរក្នុងលម្ហអវកាស។ ឥឡូវនេះ លោកស្រី គឺជាមនុស្សទី8 ដែលបានទៅដល់បាតសមុទ្រជ្រៅបំផុត Challenger Deep។
មនុស្ស 2នាក់ដំបូងគេ ដែលសម្រេចបានជោគជ័យនេះគឺលោក ដុន វែល និងលោកចាកេស ពីកាដ បានទៅដល់ចំណុចនេះក្នុងឆ្នាំ1960 ខណៈអ្នកដឹកនាំរឿងហូលីវូដលោក ជែម ខេមរ៉ូន បានចុះនៅទីនេះក្នុងឆ្នាំ2012៕